ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួងស្រេង៖ បើសិនបងប្អូនកម្មករមានកង្វល់និងមានការខ្វះខាតក្នុងជីវភាពរស់នៅបងប្អូនអាចទៅទំនាក់ទំនងនៅទីស្នាក់ការគណបក្សសង្កាត់ឬខណ្ឌដើម្បីអោយមន្ត្រីរបស់ យើងចុះជួយផ្ទាល់

70

ភ្នំពេញ៖លោកឃួងស្រេងសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈចលនាសហជីពរាជធានីភ្នំពេញបានបញ្ជាក់ថាបើសិនជាបងប្អូនមានកង្វល់អ្វីមួយក៏ដូចជាមានការខ្វះខាតក្នុងជីវភាពរស់នៅបងប្អូនអាចទៅទំនាក់ទំនងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅតាមសង្កាត់ឬនៅតាមខណ្ឌនោះមន្ត្រីរបស់យើងនឹងចុះជួយបងប្អូនតែម្ដងដូចប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនធ្លាប់បានបញ្ជាក់ហើយថាមិនទុកឲ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់បាយនោះទេ។

   លោកឃួងស្រេងបានលើកឡើងបែបនេះកាលពីព្រឹកថ្ងៃអាទិត្យទី១៤ខែកក្កដាឆ្នាំ២០១៩នៅក្នុងវិមានសុភមង្គលសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យខណៈដែលលោកអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួនជាង១០០០នាក់។

    ក្នុងឱកាសនោះលោកឃួងស្រេងក៏បានមានប្រសាសន៍រំលឹកពីរបប៣ឆ្នាំ៨ខែនិង២០ថ្ងៃរបស់ប៉ុលពតនិងបានលើកឡើងពីគុណបំណាច់របស់សម្ដេចអគ្គមហាសេនាបតីហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍នេះនឹងធ្វើអោយប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេសជាមួយនិងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យដើម្បីឱ្យបងប្អូនកម្មករកម្មការិនីបានយល់ដឹង។

   លោកថាសម្តេចតេជោបានផ្តល់កាដូជូនបងប្អូនកម្មករនិយោជិកជាច្រើនសម្រាប់ឆ្នាំ២០១៩នេះក្នុងនោះមានដូចជាការផ្តល់នូវប្រាក់ឈ្នួលប្រចាំខែចំនួន១៨២ដុល្លារព្រមទាំងបើក២ដងក្នុងមួយខែការពិនិត្យសុខភាពព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតបង់ថ្លៃដោយគ្រាន់តែប្រើប័ណ្ណ..សជាដើម។ប៉ុន្តែទោះយ៉ាងណាលោកបញ្ជាក់ថាប័ណ្ណ..ប្រើបានតែនៅមន្ទីរពេទ្យរដ្ឋទេបើពេទ្យឯកជនបងប្អូនត្រូវចំណាយលុយហើយ។

   ក្នុងឱកាសនោះដែរលោកឃួងស្រេងក៏បានណែនាំឱ្យអាជ្ញាធរភូមិសង្កាត់ខណ្ឌត្រូវចុះទៅដល់កន្លែងស្នាក់នៅរបស់កម្មករកម្មការិនីដើម្បីពិនិត្យមើលពីតម្រូវការជាក់ស្តែងដូចជាទឹកភ្លើងនិងសំរាមជាដើម។

    ជាមួយគ្នានោះដែរលោកឃួងស្រេងក៏បានអំពាវនាវឲ្យបងប្អូនកម្មករកម្មការិនីទាំងអស់ចូលរួមការពារសុខសន្តិភាពទាំងអស់គ្នាបើមានសន្តិភាពទើបយើងមានឱកាសអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបាន។

    លោកពេជ្រកែវមុនីប្រធានគណៈកម្មាធិការគណបក្សខណ្ឌមានជ័យបានអោយដឹងថានៅខណ្ឌមានជ័យមានរោងចក្រចំនួន៣០រោងចក្រ។

   គួរបញ្ជាក់ថាក្រោយពីបញ្ចប់ពិធីសំណេះសំណាលនោះលោកឃួងស្រេងក៏បានឧបត្ថម្ភជាថវិកាមួយចំនួនដល់កម្មករកម្មការិនីដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១២២៥នាក់ដោយក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន២ម៉ឺនរៀល៕

 

អត្ថបទដែលជាប់ទាក់ទង