ពលរដ្ឋប្តឹងលោកផ្កាយបី លន់ សុធី និងបក្ខពួកទៅ ACU រឿងសូកប៉ាន់អាជ្ញាធរដើម្បីធ្វើប្លង់រឹង ខណៈឈ្មោះ ប៉ុល ពិសីឡើងតុលាការចាញ់ក្តីរហូត
ភ្នំពេញ ៖ ពលរដ្ឋបានប្តឹងលោកផ្កាយបី ឧត្តមសេនីយ៍ឯក លន់ សុធី ដែលជានាយរងនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ, ឈ្មោះ សេង ដាលីន និងបក្ខពួកទៅអង្គភាពប្រឆាំងអំពើពុករលួយ ពីបទសូកប៉ាន់ដល់អាជ្ញាធរដើម្បីទទួលបានប្លង់រឹងដោយខុសប្រក្រតី។ នេះបើតាមការផ្សាយនៅលើវេបសាយ របស់លោកវីល្លាម (William Guang វឌ្ឍនា សារពង្ស)
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងយោបល់ មកពីគណបក្សខ្មែរក្រោក នៅថ្ងៃទី 15 ខែកក្កដាឆ្នាំ 2019 នេះ។
បើយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋឈ្មោះ ប៉ុល ពិសី ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានជម្រាបជូន ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា កាលពីអំឡុងឆ្នាំ១៩៩៧ និង១៩៩៨ លោកស្រីបានទិញដីមួយកន្លែងទំហំ ៨០ម៉ែត្រ គុណនឹង៦០ម៉ែត្រ មានទីតាំងភូមិ១ (ដូរភូមិ៩) សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីឈ្មោះ សួន សូនី,ឈ្មោះ ព្រំ អូន, ឈ្មោះ កើត អួច,ឈ្មោះ ហួត ជុន និងឈ្មោះ ហ៊ឹម សៅ ដោយមានលិខិតផ្ទេរសិទ្ធិត្រឹមត្រូវតាមច្បាប់។ រហូតមកដល់ឆ្នាំ២០១៤ ស្រាប់តែមានលោកឧត្តមសេនីយ៍ឯក លន់ សុធី និងប្រពន្ធឈ្មោះ សេង ដាលីន បានឲ្យមន្ត្រីធ្វើប្លង់យកដីរបស់លោកស្រីទាំងអស់ ដោយឃើញដូច្នោះ អ្នកស្រីក៏បានដាក់ពាក្យបណ្តឹង ទៅតុលាការខេត្តព្រះសីហនុ ដើម្បីរកយុត្តិធម៌ តែអ្នកស្រីចាញ់រហូតដល់តុលាការកំពូល ព្រោះអ្នកស្រីពុំមានប្រាក់សូកប៉ាន់ដូចអ្នកទាំងពីរ។
អ្នកស្រី ប៉ុល ពិសី បានស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើការស៊ើបអង្កេតលើករណីនេះឲ្យបានស៊ីជម្រៅ ជាពិសេសឯកសារប្លង់រឹងដីធ្លីលេខ 18010301-3410 ដោយលោកស្រីសង្ស័យថា វាជាប្លង់ដីដែលកើតឡើងពីការឃុបឃិតគ្នា រវាងលោកឧត្តមសេនីយ៍ឯក លន់ សុធី និងមន្ត្រីជំនាញនៅក្នុងខេត្តព្រះសីហនុ។
ទាក់ទងនឹងការប្ដឹងពីពលរដ្ឋខាងសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោកលន់ សុធី បានឡើយ៕