អភិបាលខេត្ត ព្រះសីហនុ ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាវិស័យឯកជន ចូលរួម ថែរក្សានិងដាំដើមឈើ
ខេត្តព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរេីន បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាវិស័យឯកជន ចូលរួម ថែរក្សានិងដាំដើមឈើទាំងអស់គ្នា ដើម្បីប្រែក្លាយឱ្យមានភាពស្រស់បំព្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើ ឲ្យកាន់តែសម្បូរឡើងថែមទៀត។
ការជម្រុញបែបនេះរបស់លោកគួច ចំរេីន បានធ្វើឡើងក្នុងពិធីបុណរុក្ខទិវា កាលពីព្រឹកថ្ងៃទី ១៥ខែកក្កដា ឆ្នាំ ២០១៩ ដែលជាការរៀបចំដោយមន្ទីរកសិកម្ម និង រដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូសិស្សានុសិស្សប្អនៗ(សសយក)កាកបាទក្រហមនិងកាយរិទ្ធបងប្អូនប្រជាពលរដ្ឋ នៅបរិវេណវត្តអូរត្រេះស្ថិតនៅក្នុងភូមិ ៦ សង្កាត់លេខ ៤ ក្រុងនៃខេត្តព្រះសីហនុ ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងពិធីនោះ ក៏បានសម្តែងការកោតសរសើរ ចំពោះមន្ទីរកសិកម្ម ក៏ដូចជារដ្ឋបាលព្រៃឈើ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានជ្រើសរើសទីតាំងបរិវេណវត្តអូត្រេះ ប្រារព្ធពិធីនេះឡើង ហើយបើតាមច្បាប់ស្ដីពីព្រៃឈើ ដែលកំណត់យកថ្ងៃទី ៩ ខែកក្កដាជារៀងរាល់ឆ្នាំសម្រាប់ប្រារព្ធ រៀបចំពិធីបុណ្យរុក្ខទិវានៃសង្គមជាតិយើង។
លោក អភិបាលខេត្ត ក៏បានជម្រុញ ឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាវិស័យឯកជនចូលរួមយ៉ាងសកម្មក្នុងការដាំ និងថែរក្សាការពារព្រៃឈើសំដៅប្រែក្លាយឱ្យមានភាពស្រស់បំព្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើ ឲ្យកាន់តែសម្បូរឡើងថែមទៀតសម្រាប់ធ្វើជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិរួមចំណែកលើក កម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនិងជាកិច្ចការពារបរិស្ថានសំដៅទប់ស្កាត់ការឡើង កំដៅនៃភពផែនដីនឹងភាពរាំងស្ងួតក៍ដូចជាទឹកជំនន់ជាដើម ។ ដូចនេះហើយយើងទាំងអស់គ្នាត្រូវចូលរួមប្រែក្លាយទៅជាចលនាមួយចូលរួមដាំដើមឈើតាមគ្រប់រូបភាពឱ្យបានច្រើនជាអតិបរមានិងបណ្ដុះ នៅគំនិតស្រលាញ់ព្រៃឈើថែរក្សាការពារព្រៃឈើដើម្បីជាឧត្តមប្រយោជន៍របស់ជាតិយើង។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ បានឲ្យដឹងថាមន្ទីរកសិកម្មដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការបានដាំកូនឈើចម្រុះគ្រប់ប្រភេទមាន ដើមគគីរ គ្រញូងដើមឈើទាលសរុបចំនួន ២២០០ ដើម លើផ្ទៃដី ២ ហិកតាក្នុងបរិវេណវត្តអូរត្រេះស្ថិតនៅក្នុង ភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ៕