ចាប់ជនដៃដល់ម្នាក់ យកខ្សែរឹតកសម្លាប់បុរសម្នាក់
ស្រុកអង្គស្នួល៖ ករណីឃាតកម្ម សម្លាប់បុរសម្នាក់ ដោយជនដៃដល់ ខឹង ជនរងគ្រោះស្រវឹងស្រា មកប្រច័ណ្ឌប្រពន្ធឈ្លោះជាមួយខ្លួន ទើបយកខ្សែស្វិតពណ៌លឿងរឹតកជនរងគ្រោះដែលកំពុងដេកលក់បណ្តាលឲ្យស្លាប់។
កើតហេតុថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៣.៣០នាទីទៀបភ្លឺ នៅចំណុចកញ្ចុះដីឡូតិ៍ ស្ថិតនៅភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បើតាមរបាយការណ៍របស់វរសេនីយ៍ឯក មាន សំណាង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សេះ រាជ ភេទប្រុស អាយុ ២៣ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កម្មករជាងដែក មានទីនៅភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ស្លាប់។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនថ្ងៃទី១៥កក្កដា២០១៩ ឈ្មោះ ធី សុខគីម ភេទប្រុស អាយុ ២៣ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
វត្ថុតាងដកហូត ខ្សែជ័រស្វិត ពណ៌លឿង ០១ កាំបិតប៉័ងតោ០១និងអាវក្រណាត់ដៃវែង០១ ពណ៌ក្រហមឆ្នូតស។
នគរបាលមូលដ្ខាន បានប្រាប់ពីសភាពនៃរឿងហេតុនេះថា
នៅមុនពេលកើតុ នៅក្នុងការដ្ឋានសំណង់កើតហេតុ ខ្វះខាតកម្លាំងកម្មករធ្វើការវេនយប់ ពេលនោះជនសង្ស័យបានចូលធ្វើការ ចំណែកជនរងគ្រោះ និងកម្មករជាមួយគ្នាមិនធ្វើវេនយប់ទេ បើកលុយរួចបានទៅផឹកស៊ីនៅខាងក្រៅ។ ក្រោយពីដល់ម៉ោងសម្រាក ម៉ោង០០រំលងអធ្រាត្រថ្ងៃទី១៥កក្កដា២០១៩ ជនសង្ស័យបានទៅបើកលុយពីមេការតែមិននៅ ក៏ទៅអង្គុយលេងមុខបន្ទប់ជនរងគ្រោះនិយាយលេងជាមួយប្រពន្ធជនរងគ្រោះ មួយសន្ទុះក៏ទៅដេកលេងលើកញ្ចុះ លុះដល់ម៉ោង០១និង៣០ រំលងអធ្រាត្រ ជនសង្ស័យបានទៅសុំទឹកប្រពន្ធជនរងគ្រោះហូបនិងនៅជជែកលេង ស្របពេលនោះជនរងគ្រោះបានមកដល់បន្ទប់ឃើញ ក៏មានការប្រច័ណ្ឌ បានឈ្លោះទាក់សម្តីគ្នាជាមួយជនសង្ស័យ បានកម្មករជួយឃាត់ខ្លាចមានរឿង ជនសង្ស័យក៏ដើរចេញបាត់ ចំណែកជនរងគ្រោះចូលបន្ទប់ឈ្លោះជាមួយប្រពន្ធ ហើយយកភួយទៅដេកនៅលើកញ្ចុះកើតហេតុតែម្នាក់ឯង ។ លុះម៉ោង០៥និង៤០នាទីព្រឹក ប្រពន្ធបានទៅដាស់ជនរងគ្រោះទើបដឹងថាស្លាប់បាត់ទៅហើយ រួចបានមានការផ្អើលឆោឡោ ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រខេត្តនិងផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីកម្លាំងផ្នែកព្រហ្មទណ្ឌស្រុក ប៉ុស្តិ៍រដ្ឋបាលសំរោងលើ លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ នឹងប្រពន្ឋជនរងគ្រោះ បានធ្វើការពិនិត្យ លើជនរងគ្រោះ ឃើញថា
មានស្នាមទ្រុតជាំខ្មៅជុំវិញក ក្រៅពីនោះគ្មានស្លាកស្នាមអ្វីទេ។
តាមការសន្និដ្ឋាន របស់លោកគ្រូពេទ្យនិងរបស់ជំនាញ ឃើញថា ជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្ម(រឹតក)។
ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់កំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង០៩និង៤០នាទី ថ្ងៃដដែល នៅចំណុចផ្ទះជសង្ស័យ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្ម(រឹតក)ជនរងគ្រោះបណ្តាលឲ្យស្លាប់ប្រាកដមែន ។មូលហេតុខឹងជនរងគ្រោះស្រវឹងប្រច័ណ្ឌប្រពន្ធឈ្លោះជាមួយខ្លួន ទើបខ្លួនយកខ្សែស្វិតពណ៌លឿងរឹតកជនរងគ្រោះដែលកំពុងដេកលក់បណ្តាលឲ្យស្លាប់។ ជនសង្ស័យ ធ្លាប់ប្រើប្រាស់ថ្នាំញៀនរយៈពេល០២ឆ្នាំហើយ ។
ចំពោះជនសង្ស័យត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធី៕