ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំផ្ទុះគ្រាប់បែកអត្តឃាត នៅប៉ាគីស្ថានមនុស្សស្លាប់កើនដល់១២៨នាក់

152

(អ៊ីស្លាម៉ាបាដ)៖ ចំនួនមនុស្សស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានធ្វើឡើងចំការជួបជុំគ្នា​យ៉ាងធំសម្បើម នៃក្រុមអ្នក​គាំទ្រ​គណបក្ស​នយោបាយមួយ​ នៅក្រុង Mastung នៃខេត្ត Balochistan ភាគនិរតីប្រទេសប៉ាគីស្ថាន បានកើនដល់១២៨នាក់ហើយ គិតត្រឹម​រសៀលថ្ងៃសៅរ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។

ការវាយប្រហារខាងលើ មានគោលដៅចំពោះអ្នកនយោបាយឈ្មោះ Nawabzada Siraj Raisani។ ភ្លាមៗក្រោយការវាយ​ប្រហារលោក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៃក្រុង Quetta ប៉ុន្តែបានបាត់បង់ជីវិត ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក។ ​សម្រាប់​អ្នក​របួស​ជាង​១០០នាក់ទៀត ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យនៃក្រុង Mastung និង Quetta ផងដែរ។

ទន្ទឹមនេះដែរ ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ការវាយប្រហារខាងលើ ជាទង្វើរបស់ខ្លួន ខណៈការកាន់ទុក្ខរយៈពេលពីរថ្ងៃ​​នឹងត្រូវធ្វើឡើងសម្រាប់ជនរងគ្រោះ ក្នុងសោកនាដកម្មដ៏អាក្រក់នេះ។

គួរជម្រាបថា ការវាយប្រហារនាថ្ងៃសុក្រសប្តាហ៍នេះ គឺករណីទីបីនិងអាក្រក់ជាងគេបំផុត នៅចំពោះមុខការវាយប្រហារភេរវកម្មជា​បន្តបន្ទាប់ ដែលមានគោលដៅលើអ្នកនយោបាយ ដែលមានភាពមមាញឹករៀបចំ​កិច្ចប្រជុំនិងការជួបជុំជាមួយអ្នកគាំទ្រ នៅមុនការ​បោះ​ឆ្នោត ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកក្កដានេះ។ ក្នុងរយៈពេលត្រឹម០៤ថ្ងៃប៉ុណ្ណោះ ការវាយប្រហារ​ដោយក្រុម​ភេរវករ បាន​បន្សល់ទុក​មនុស្សសរុបប្រមាណ១៥០នាក់ស្លាប់ និងជាង២០០នាក់រងរបួស៕

អត្ថបទដែលជាប់ទាក់ទង