មុខសញ្ញាចេញពីពន្ធនាគារ មិនរាចាល មកចមកចែកចាយសារធាតុញៀនខុសច្បាប់ដដែល
ឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ឈ្មោះ ញឹម ងិះ ភេទស្រី អាយុ ៣៩ឆ្នាំ (មុខសញ្ញាចេញពីពន្ធនាគារ ករណីចែកចាយសារធាតុញៀនខុសច្បាប់) នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានភ្នាក់ងារសម្ងាត់រាយការណ៍ថា ៖ សង្ស័យនៅតែបន្តលាក់ទុកសារធាតុញៀន។
បន្ទាប់មក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចំនួន០៤នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ជ័យ វាសនា នាយប៉ុស្តិ៍ បានចុះធ្វើការស៊ើបអង្កេត និងត្រួតពិនិត្យផ្ទះខាងលើ កាលពីវេលាម៉ោង០៨និង៥៥នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ចំណុច ភូមិ/សង្កាត់ខាងលើ។
ជាលទ្ធផល សមត្ថកិច្ចយើងរកឃើញសារធាតុញៀន ប្រភេទមេតំហ្វេតាមីនគ្រាប់ ពណ៌ផ្កាឈូក ចំនួន២០០គ្រាប់ ប្រភេទមេតំហ្វេតាមីនICE (ម៉ាទឹកកក) ចំនួន៦កញ្ចប់ធំ និង១កញ្ចប់តូច ព្រមទាំងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕