កម្ពុជា ដកហូតឯកសារមិនប្រក្រតី ពីជនបរទេសជាង ៣ ម៉ឺននាក់
ភ្នំពេញ៖ ពាក់ព័ន្ធនឹងឯកសារមិនប្រក្រតី ដែលជនបរទេសកំពុងប្រើប្រាស់នោះ សម្តេចក្រឡាហោម បានបន្ទោសដល់មន្រ្តីក្រោមឱវាទថា “នេះជាកំហុសរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្នុងការផ្តល់លិខិតឯកសាររដ្ឋបាល មិនប្រក្រតីទាំងនោះ ដល់ជនបរទេស”។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លទ្ធផលការងារ ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ប៉ូលិសអន្តោប្រវេសន៍ បានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ ចំនួន ៣៧.៤៤១ ច្បាប់ ក្នុងចំនួន ២០.០៩៣ គ្រួសារ ដោយមានមនុស្សរួម ៦៨៩.៨៨១ នាក់ មាន ១០សញ្ជាតិ ដែលភាគច្រើនជាជនជាតិវៀតណាម។ ឯកសារមិនប្រក្រតីទាំងនោះ រួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជាដើម។
សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា បើយើងមិនដកហូតឯកសាររដ្ឋបាលមិនប្រក្រតីទាំងនេះទេ នោះជនបរទេសជិត ៧ម៉ឺននាក់នេះ នឹងទទួលបានសញ្ជាតិខ្មែរ ដោយស្វ័យប្រវត្តិ។ នេះជាកំហុសរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្នុងការផ្តល់លិខិតឯកសាររដ្ឋបាល មិនប្រក្រតីទាំងនោះ ដល់ជនបរទេស។ រីឯជនបរទេស ដែលប្រើប្រាស់ឯកសារមិនត្រឹមត្រូវទាំងនោះ ក៏ប្រឈមនឹងការទទួលទោសតាមច្បាប់។ ម្យ៉ាងទៀត នៅពេលនេះ បើយើងមិនធ្វើ នោះយើងនឹងខុស ហើយកំហុសនេះ នៅស្ថិតស្ថិរនិងជាកំហុសប្រវត្តិសាស្ត្រ”។
សម្តេចក្រឡាហោម ស ខេង បានប្រកាសថា ប៉ូលិសអន្តោប្រវេសន៍ ក៏បានទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ នៅកម្ពុជា ចំនួន ៦០.៥៦១ ឯកសារ ដោយមានមនុស្ស ២៨.៥៧២ គ្រួសារ និងមានសមាជិកសរុប ៨៨.១១២នាក់ មាន ១១សញ្ជាតិ ពោលគឺសព្វថ្ងៃនេះ យើងមានជនបរទេស រស់នៅស្របច្បាប់នៅកម្ពុជា ជិត ៩ម៉ឺននាក់ ដោយបូករួមទាំងជនបរទេស ដែលកំពុងជាប់ពន្ធនាគារប្រមាណ ២០០នាក់ទៀត៕