ការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់ បត់ឆ្វេង១ខ្សែទៀត គ្រោងនឹងបញ្ចប់នៅចុងខែ ធ្នូឆ្នាំ២០១៩នេះ
ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាចរាចរនៅតាមបណ្ដោយផ្លូវព្រះមន្នីវង្សនិងផ្លូវព្រះនរោត្តម រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងបើកការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេង មួយខ្សែទៀតនៅជាប់នឹងស្ពានអាកាសចាស់ដើម្បីរំដោះចរាចរណ៍នៅលើស្ពានក្បាលអាកាសក្បាលថ្នល់នេះ។
លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ខែកក្កដា ២០១៩នេះថា ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្សទៅវិថីព្រះនរោត្តមមានប្រវែង៧៧ ម៉ែត្រពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់និងពីគល់ស្ពានដល់ស្ពានអាកាសចាស់១២៣ម៉ែត្រ សរុប២០០ម៉ែត្រ ។ ស្ពាននេះមានទទឹង ៧,៥ម៉ែត្រ
ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។
លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា គម្រោងសាងសង់ស្ពានអាកាសបត់ឆ្វេង១ខ្សែនេះ នឹងត្រូវបញ្ចប់នៅចុងខែធ្នូឆ្នាំ២០១៩នេះ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ខណៈដែលស្ពានអាកាសក្បាលថ្នល់ចាស់ ដោះស្រាយបញ្ហាចរាចរណ៍មិនទាន់បានល្អប្រសើរនូវឡើយនោះ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦ កន្លែងហើយ គឺស្ពានអាកកាសក្បាលថ្នល់នៅអតីតរង្វង់មូលក្បាលថ្នល់នេះ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅស្តុបពេទ្យលោកសង្ឃ ស្ពានអាកាស៥មករា ស្ថិតនៅស្ដុបតិចណូ ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅនៅរង្វង់មូលចោមចៅដែលស្ពានអាកាសស្ពានអាកាសចោមចៅបាននឹងកំពុងបើកការដ្ឋានស្ថាបនាយ៉ាងញាប់ដៃញាប់ជើង ៕