បើកដំណើរការផលិតភាពយន្ត «ជនដែលត្រូវគេបាញ់» គឺបានដកស្រង់ចេញរឿងរ៉ាវពិតរបស់យុវជនខ្មែរម្នាក់
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ នៅព្រឹកថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ ២០១៩នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់អបអរ សាទរពិធីបើកដំណើរការផលិតភាពយន្ត «ជនដែលត្រូវគេបាញ់» ខ្សែភាពយន្តនេះ គឺបានដកស្រង់ចេញរឿងរ៉ាវពិតរបស់យុវជនខ្មែរម្នាក់ ដែលហ៊ានលះបង់ជីវិតដើម្បីជាតិមាតុភូមិ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ទៀ សីហា អភិបាល ខេត្តសៀមរាប ផលិតករភាពយន្តលោកនាយឧត្តមសេ នីយ៍ ណឹម សុវត្ថិ អ្នកនិពន្ធសៀវភៅ «ជនដែលត្រូវគេបាញ់» ព្រម ទាំងឥស្សរ ជនតស៊ូរំដោះជាតិ ជាមួយ សម្តេចព្រមទាំងអ្នកពាក់ ព័ន្ធយ៉ាងច្រើនផងដែរ។
សម្តេចពិជ័យសេនា បានថ្លែងថា “ថ្ងៃនេះកាលពី ៥៤ឆ្នាំមុន (១៧ កក្កដា ១៩៦៥) យុវជន ទៀ សង្វាន ត្រូវបានរដ្ឋអំណាចចាប់ខ្លួនយកទៅបាញ់នៅភ្នំកោះអណ្តែត។ ក្រោយហេតុការណ៍បាញ់មិនស្លាប់នោះ សង្វានបានខំព្យាយាមរត់ទៅមុខ គ្មានឱកាសសូម្បីតែងាកក្រោយមើលថា តើមានគេដេញតាមមកទៀតឬអត់? រត់ផង ភ័យផង កាត់ព្រៃ កាត់បន្លា មុតរបួសសុសសាច់ រត់ឡើងភ្នំចូលព្រៃ រហូតដល់មេឃងងឹត។ សង្វានព្យាយាមត្រដុសខ្លួននឹងដើមឈើ ដើម្បីកាត់ផ្តាច់ចំណង និងលាក់ខ្លួនរស់នៅក្នុងព្រៃកោងកាងតែម្នាក់ឯង អត់អាហារជាច្រើនថ្ងៃច្រើនយប់ គឺបរិភោគតែផ្លែដាវយិន ដើម្បីបន្តជីវិត។ ថ្ងៃនេះក៏ជាថ្ងៃខួបអនុស្សាវរីយ៍នៃឈ្មោះ ទៀ បាញ់ គម្រប់ ៥៤ឆ្នាំ (១៧ កក្កដា ១៩៦៥-២០១៩)”។
នៅថ្ងៃនេះ កម្ពុជាកំពុងតែទទួលបានសុខសន្តិភាព កម្ពុជាបានដំណើរការរៀប ចំការបោះឆ្នោតជ្រើសរើសមេដឹកនាំ តាមបែបប្រជា ធិបតេយ្យ ដោយសារតែកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយច្បាស់ លាស់។ ប៉ុន្តែបើក្រឡេកថយក្រោយទៅ៥៤ឆ្នាំមុនវិញ ពោលគឺថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ១៩៦៥ គឺជាពេលវេលាមួយដែលចង ចាំមិនភ្លេចរបស់ឥស្សរជនខ្មែរម្នាក់នោះ គឺសម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវបានក្រុមជីវពលចាប់យកទៅបាញ់សម្លាប់ ក៏ប៉ុន្តែដោយសារតែជីវិតសម្តេចថ្លៃ សម្តេច ក៏បានរួចផុតពីការចាប់យកទៅបាញ់សម្លាប់នេះ ហើយមានជោគវាសនាខ្ពស់ដូច សព្វថ្ងៃ។នារសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៦៥ នៅភូមិតាចាតឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្ត កោះកុង។ ពិតជាពិបាកពន្យល់ ពិតជាពិបាកជឿនាពេលដែលយើងពុំបានឆ្លងកាត់រឿងរ៉ាវ នៃជីវិតរបស់មនុស្សជាច្រើនដែលជាបុព្វបុរសដែលជាអ្នក ដឹកនាំនឹងនាំប្រទេសជាតិយើងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកទល់ថ្ងៃនេះ។ វាហាក់ ដូចជារឿងនិទានខ្លះជាការតាក់តែងនិពន្ធសាច់រឿងខ្សែភាពយន្តដ៏អស្ចារ្យរបស់ Hollywood ឬជាសុបិន្តដ៏កម្រនឹងបានជួប ប្រទះ។ ប្រសិនបើយើងបានឃើញច្បាស់នូវដំណើរបត់បែនឆ្លងកាត់គ្រប់ឧប សគ្គខ្សែជីវិតរបស់ថ្នាក់ដឹក នាំរបស់យើងគ្រប់ៗគ្នា ដែលមានរហូតមកដល់ពេលនេះ។សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្ដើមជីវិត និងមគ្គុទេសក៍ភាពចាប់ពីរាត្រីថ្ងៃទី២០ ខែ មិថុនា ឆ្នាំ១៩៧៧ ដោយយកជីវិតធ្វើដើមទុនហើយ ដែលយើងទើបបានប្រារព្ធនូវទិវាចងចាំខួប៤២ឆ្នាំ នាពេលថ្មីៗនេះ ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០១៩ នៅកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំនៅក្នុងប្រវត្តិសាស្រ្ត ហើយដែលនាំឱ្យប្រទេសជាតិបង្កើតបាននូវសុខសន្តិភាពឆ្លងកាត់ពីសង្រ្គាមរ៉ាំរ៉ៃរហូតដល់មាន ការអភិវឌ្ឍគ្រប់វិស័យរហូតដល់ពេលបច្ចុប្បន្ន។
ក្នុងចំណោមរឿងរ៉ាវព្រឹត្តិការណ៍ទាំងអស់ ដែលកត់ ត្រាមិនចេះចប់ ក៏មានអព្ហូតហេតុ ឬក៏ភាពអស្ចារ្យមួយបានកើតឡើងនារសៀលភ្លៀងធ្លាក់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៦៥ នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា គឺយុវ ជនម្នាក់ត្រូវបានគេចោម រោមចាប់ចងដោយ មិនប្រាប់មូលហេតុ និងពុំអាចតវ៉ាបានដោយគ្មានតុលា ការកាត់ក្តី និងត្រូវបានចាប់បណ្ដើរ ទៅប្រហារជីវិតក្រោមភ្លៀងផ្គរដោយគ្មានកំហុស មិនបានដឹងរឿងរ៉ាវ ហើយក៏គ្មានអ្នកណានឹងងើបឡើងដើម្បីតវ៉ាកើត គឺមានតែបណ្ដោយតាមវាសនា ហើយអ្វីដែលនៅសេសសល់តែមួយគត់នៅក្នុងក្ដីសង្ឃឹម គឺរំពឹងទៅលើទឹកដោះម្តាយថ្លៃ ប៉ុន្ដែក្ដីស្រម៉ៃ និងក្ដីសង្ឃឹម តែមួយនោះពិតជាសក្ដិសិទ្ធលើសពីអ្វីទាំងអស់។
នឹកគុណម៉ែដែលជាព្រះរស់និងដែលបីបាច់ថែរក្សានឹកដល់គ្រួសារមានប្អូន ស្រីដែលគេប៉ងធ្វើបាប។ នៅក្នុងហោប៉ៅមានលុយតែប៉ុន្មានរៀល និងបំណងចុងក្រោយគឺយកទៅជូនម៉ែដោយរំពឹងថា នាពេលបន្តិចទៀតដឹងថាត្រូវគេបាញ់ប្រហារសម្លាប់ ។ ហួសពេលនឹងតក់ស្លុត ហួសពេលនឹងខ្លាចរអារ នឹងធ្វើការបារម្ភក៏សម្លឹងចុងកាណុងនៅពីមុខហើយឮស្នូរផាំងៗ។
ជីវិតយុវជនមួយរូបនេះ បានត្រូវរស់ឡើងវិញដោយពុំមានមូលហេតុណាមួយអាចបញ្ជាក់ឱ្យបានច្បាស់ពន្យល់ឱ្យបានអស់ ហើយ ក៏ពិបាកជឿ តែជារឿងពិតជាក់ស្តែងមិនអាចមើលរំលង និងបដិសេធកើតព្រោះយុវជននោះ កំពុងនៅទីនេះ ថ្ងៃនេះ គាត់គឺសម្តេចពិជ័យសេនា ទៀ បាញ់ ៕