ជំរុញដល់មន្រ្តីរដ្ឋបាលខណ្ឌចំការមន ពង្រឹងការងាររដ្ឋបាល និងសេវាតម្រូវការ ជូនដល់ប្រជាជនបានលឿន
ភ្នំពេញ៖នៅសាលាខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមន បានបើកកិច្ចប្រជុំដោយស្ដីពីការជំរុញឬពន្លឿន ដោយពង្រឹងរាល់កិច្ចការរដ្ឋបាលទូទៅដល់មន្រ្តីរដ្ឋបាលនៃខណ្ឌចំការមនទាំងអស់ឲ្យបង្កើនលើការងាររបស់ខ្លួន នីមួយៗ ពិសេសត្រូវគោរពវិន័យរាល់ពេលម៉ោងធ្វើការងារ ដោយមិនត្រូវមកធ្វើការងារមានការយឺតយាវ តែដល់ពេលចេញទៅផ្ទះវិញលឿនមុនម៉ោងនោះទេ។
លោកថេង សុថុល អភិបាលខណ្ឌចំការមន បានមានមតិលើកឡើង ដោយសង្កត់ថា នៅគ្រប់ផ្នែក គ្រប់ការិយាល័យនៃសាលាខណ្ឌចំការមនទាំងអស់ ត្រូវគោរពពេលម៉ោង ឬពេលវេលានិងវិន័យ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ដោយមិនត្រូវអសកម្មការងារអ្វីឡើយ ហើយលើពីនេះទៀតនោះ មន្រ្តីរដ្ឋបាលខណ្ឌចំការមន រហូតដល់ថ្នាក់សង្កាត់ទាំងអស់ ត្រូវមានសុជីវធម៌ ឬក្រមសីលធម៌ ឲ្យបានល្អពិសេសនៅពេលបងប្អូនប្រជាជន មកទំនាក់ទំនងការងារ នៅតាមសង្កាត់នីមួយៗ និងតាមការិយាល័យនីមួយៗ នៅសាលាខណ្ឌចំការមន ដោយលៃលកធ្វើយ៉ាងណាបំពេញបែបបទ តាមតម្រូវការជូនពួកគាត់ ឲ្យបានលឿនរហ័ស ជូនដល់ពួកគាត់ ក្នុងនាមយើងជាអ្នកបម្រើការងារ ជូនប្រជាជនមិនមែនជាថៅកែ ពួកគាត់នោះទេ។
ក្រៅពីការលើកឡើងខាងលើនោះលោកអភិបាលខណ្ឌចំការមន ថេង សុថុល ក៏បានជំរុញទៅដល់ការងារចុះរៀបចំ ធ្វើសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាននៅតាមដងផ្លូវ និងតាមដងមហាវិថី នៅក្នុងមូលដ្ឋានខណ្ឌចំការមនផងដែរ និងស្នើដល់ក្រុមសមត្ថកិច្ចប៉ូលិស តាមបណ្ដាប៉ុស្ដិ៍ នីមួយៗ និងប៉ូលិសខណ្ឌចំការមន និងសមត្ថកិច្ចប៉េអឹមខណ្ឌឲ្យបង្កើនការយកចិត្តទុកដាក់ លើការងាររក្សាការពារសន្តិសុខ នៅក្នុងមូកដ្ឋាន ឲ្យបានល្អប្រសើរ ស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព៕