សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំទៀនព្រះវស្សាប្រគេនដល់វត្តនៅទូទាំង២៥ រាជធានី-ខេត្ត សរុប ចំនួនមាន១៣០គូ ដែលក្នុងវត្តនីមួយៗ មានទៀន១គូ,និងបច្ច័យ ក្នុង មួយ វត្ត៥០ម៉ឺនរៀល
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសនៃថ្ងៃបុណ្យចូលព្រះវស្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារៈ បរិក្ខាជាច្រើនមុខ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ (ហៅ ចំពុះក្អែក) ស្ថិតនៅ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលា ដ៏ សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។
គួរបញ្ជាក់ថា៖បង ប្អូន ដែល ជាអ្នក មាន ជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និង របស់ ប្រើប្រាស់ ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។
ពិធីបុណ្យចូលព្រះវស្សា គឺជាការរៀបចំអោយ ឈប់សម្រាកនៅទីណាមួយ ឬក្នុងវត្តអារាមណា មួយ ក្នុង រយៈ ពេល៣ខែក្នុងរដូវធ្លាក់ភ្លៀង និង មិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើក លែង តែ មានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្តែងធម៌ជាដើម ដោយ តាំង ចិត្ត ត្រលប់ មក វិញក្នុង រយៈពេល ៧ថ្ងៃ។
ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ។ តែពិ ធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមាន ការចូល រួម ពីសំណាក់ បង ប្អូន និង ចាស់ ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និ ង បន្ទាប់ មក សម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនព្រះសង្ឃ។
សូមបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលព្រះវស្សាឆ្នាំនេះ លោកមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងកូនចៅ ដែលរួមមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ បង ប្អូន កូនចៅ របស់លោកមហាឧបាសិកា បានចាត់ចែងវេរទៀនព្រះវស្សាដល់វត្តនៅទូទាំង២៥ រាជធានី-ខេត្ត សរុប ចំនួនមាន១៣០គូ ដែលក្នុងវត្តនីមួយៗ មានទៀន១គូ,សម្ភារៈ បរិក្ខាជាច្រើនមុខ និងបច្ច័យ ក្នុង មួយ វត្ត៥០ម៉ឺនរៀល។ ដោយឡែកសម្រាប់វត្តមុនីសុវណ្ណ ហៅចំពុះក្អែក នៅថ្ងៃនេះ ជាមួយនឹងទៀនព្រះវស្សា សម្ភារៈ បរិក្ខា២៤មុខ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាននាំបច្ច័យ យកប្រគេន សម្តេច និងព្រះសង្ឃដែល យាង និងនិមន្តចូលរួម ជាង២០០អង្គ និងបានប្រគេនបច្ច័យ សម្រាប់ការកសាងវត្ត ដែលបានមកពី ការចូលរួមរបស់ លោកនិងលោក ស្រី នៅក្នុងឱកាសនេះ សរុបមានប្រាក់ដុល្លារជិត៨ពាន់ដុល្លារអាមេរិក និងប្រាក់រៀល ជិត ៣០ លាន រៀល ផងដែរ៕