ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តហ្វ័តស៊េរីទំនើប ​១​គ្រឿង ​ចង្កូតស្ដាំពាក់ផ្លាកលេខខម ត្រូវគយចល័តបាត់ដំបងឃាត់ទុក ពីរខែមកហើយ , លោកវរសេនីយ៍ទោ ​ធីម​ សុគន្ធ ស្នើដល់ ក្រសួងការពារជាតិ ជួយដោះស្រាយ

68

បាត់ដំបង​៖ ​រថយន្ត​ម៉ាក ​Ford Ranger xlt ពណ៌​ត្រេអ៊ី ​ផលិត​នៅ​ឆ្នាំ២​០១៩ ​លេខ​តួ ​MNBLMF080KW948786 លេខ​ម៉ាស៊ីន ​P4AT-2756937 ទំហំ​ស៊ីឡាំង​ ២០០០​cc ចង្កូត​ស្ដាំ ​ត្រូវ​គយ​ចល័ត​ខេត្ត​បាត់ដំបង​ឃាត់​បាន​ វេលា​ម៉ោ​ង​២​រសៀល​ ថ្ងៃ​ទី​១០ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ នៅចំណុច​ភូមិ​ដំណាក់​ហ្លួង ​សង្កាត់​វត្តគរ ​ក្រុង​បាត់​ដំបង ​កំពុង​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ ត្រូ​វ​បាននាំ​មក​រក្សា​ទុក នៅសាខាគយចល័តស្ថិតក្នុងឃុំអូរតាគី ​ស្រុក​ថ្មគោល​ ។ គិតដល់ពេលនេះមានរយៈពេលជាងពីរខែហើយ សមត្ថកិច្ចគយខេត្តបាត់ដំបងនៅពុំទាន់ប្រគល់រថយន្តនោះទៅម្ចាស់ដើមវិញនៅឡើយទេ ទោះបីជាមានការស្នើសុំ ពីសំណាក់លោកវរសេនីយ៍ទោ ​ធីម​ សុគន្ធ ក៏ដោយ ។
ជាមួយករណីនេះ មហាជនបានរិះគន់ថា មន្ត្រីរាជការ ជាពិសេសស្ថាប័ននាយទាហាន ឬក៏ពលទាហាន នគរបាល មួយចំនួនតូច បានទិញរថយន្តចង្កូតស្ដាំ ដែលមិនមានឯកសារច្បាស់លាស់ តែគេហៅថារថយន្តអត់ពន្ធ មកជិះយ៉ាងរំភើយ ហើយបិទពណ៌ត្រេអ៊ី នឹងពាក់ផ្លាកលេខខេមរៈភូមិន្ទ ឬក៏នគរបាល។

ទោះយ៉ាងណានាពេលកន្លងមក សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្លាប់ប្រកាសយ៉ាងដាច់ណាត់ថា រថយន្តចង្កូតស្ដាំ មិនត្រូវឲ្យអនុញ្ញាតនាំចូលក្នុងប្រទេសកម្ពុជានោះទេ ហើយបានបញ្ជាឲ្យមន្ត្រីគយនិងរដ្ឋាករ ចាប់រថយន្តនោះ យកមកទុកតែម្ដង។ នាពេលបច្ចុប្បន្ននេះ រថយន្តចង្កូតស្ដាំ ដែលមានពាក់ផ្លាកលេខ ខេមរភូមិន្ទ និងនប ត្រូវបានឃើញចរាចរណ៍យ៉ាងព្រោងព្រាត ហើយជាពិសេស គឺរថយន្តទាំងនេះ ជិះដោយជនជាតិចិន។

បើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ បានលើកឡើងថា លោកវរសេនីយ៍ទោ ​ធីម​ សុគន្ធ ​ជំនួយ​ការ​ផ្ទាល់​ លោកនាយឧត្តមសេនីយ៍ ​ប៊ុន​ សេង ​រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ​អតីត​មេភូមិ​ភាគ​ទី​៥ ​បាន​ស្នើ​សុំ​ក្រសួង​ការពារ​ជាតិ ជួយអន្តរាគមន៍ ដោះស្រាយយករថយន្តចំនួន១គ្រឿង ដែលលោក​បាន​ទិញប្រគល់ជូនរដ្ឋ ដើម្បីជាមធ្យោបាយដឹកជញ្ជូនផ្សេងៗ ​តែត្រូវ​បាន​គយ​ចល័ត​ខេត្ត​បាត់ដំបង​ឃាត់​ទុក​។

លោក ​ធីម សុគន្ធ បាន​ថ្លែង​ឲ្យ​ដឹង​ថា ​រថយន្ត​នោះ​ម៉ាក ​Ford Ranger xlt ពណ៌​ត្រេអ៊ី ​ផលិត​នៅ​ឆ្នាំ២​០១៩ ​លេខ​តួ ​MNBLMF080KW948786 លេខ​ម៉ាស៊ីន ​P4AT-2756937 ទំហំ​ស៊ីឡាំង​ ២០០០​cc ចង្កូត​ស្ដាំ ​ត្រូវ​គយ​ចល័ត​ខេត្ត​បាត់ដំបង​ឃាត់​បាន​ វេលា​ម៉ោ​ង​២​រសៀល​ ថ្ងៃ​ទី​១០ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ នៅចំណុច​ភូមិ​ដំណាក់​ហ្លួង ​សង្កាត់​វត្តគរ ​ក្រុង​បាត់​ដំបង ​កំពុង​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ ត្រូ​វ​បាននាំ​មក​រក្សា​ទុក​នៅ​សាខា​គយ​ចល័ត​ស្ថិត​ក្នុង​ឃុំ​អូរតាគី ​ស្រុក​ថ្មគោល​ ។

លោក​វរសេនីយ៍​ទោ ​បាន​បន្ថែម​ថា​ រថយន្ត​នេះ​ត្រូវ​បាន​លោក​ ប្រគល់​ជូន​ក្រសួង​ការពារ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មេ​សា ឆ្នាំ​២​០១៩​ ដែល​ត្រូវ​លោកនាយឧត្តមសេនីយ៍ ប៊ុន ​សេង ​បាន​ធ្វើ​លិខិត​ផ្ញើ​ជូន​ ទៅអគ្គនាយកអគ្គ​នាយក​ដ្ឋាន​សម្ភារ​បច្ចេក​ទេស​ ក្រសួ​ងការពារជាតិ សម្រាប់​ដាក់​ក្នុង​ស្ថាប័ន​ប្រើប្រាស់ ​ហើយរ​ថយន្តនេះ ពុំទាន់មានប័ណ្ណ និង​ផ្លាកលេខចរាចរនៅឡើយ ទើប​ខាងអង្គភាព​ក្រសួងការពារជាតិ​ បានផ្ដល់ស្លាកលេខ ខេមរភូមិន្ទ​ 01 2-6933 ឲ្យប្រើប្រាស់ ។

ទាក់​ទង​និង​ករណី​នេះ​មន្ត្រី​គយ​ចល័ត​ខេត្ត​បាត់ដំបង សុំមិនបញ្ចេញឈ្មោះ ​បាន​ណែនាំទៅ​វរសេនីយ៍ ​ធីម សុគន្ធ ​ដាក់​សំណើស្នើទៅអគ្គនាយកដ្ឋានគយ ដើម្បី​ជួយ​ដោះស្រា​យ ​សម្រប​សម្រួល ​ព្រោះ​ថា​របាយការណ៍​ ពាក់ព័ន្ធនឹងការឃាត់រថយន្តនេះ ​ត្រូវ​បាន​បញ្ជូន​ ទៅអគ្គនាយកដ្ឋានគយរួចរាល់ហើយ៕

អត្ថបទដែលជាប់ទាក់ទង