យាយងងិតភ្នែកទាំងសងខាង មានអា យុ៨៣ឆ្នាំ បានទទួលជំនួយឧបត្ថម្ភ ពីអធិការប៉ូលិសស្រុកកៀនស្វាយ និងសប្បុរសជន
កណ្ដាល៖ដោយមើលឃើញពីទុកលំបាករបស់ប្រជាជនមួយគ្រួសារ ដែលមានជីវភាពខ្វះខាត ដោយមានលោកយាយឈ្មោះវ៉ាន់ ថន ហៅមិញ អាយុ៨៣ឆ្នាំ
សព្វថ្ងៃលោកយាយរស់នៅ ក្នុងផ្ទះដែលអង្គការធ្វើជូនស្នាក់នៅ ដែលស្ថិតនៅក្នុងភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានដឹកនាំក្រុមការងារ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត បានយកអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ដៃក្រុមគ្រួសារ លោកយាយ
ឈ្មោះវ៉ាន់ ថន ហៅមិញ អាយុ៨៣ឆ្នាំ ហើយលោកយាយងងឹតភ្នែកទាំងសងខាង ហើយសព្វថ្ងៃនេះ លោកយាយមានកូនចៅរស់នៅក្នុងបន្ទុក ចំនួន៤នាក់ទៀត ដោយទី១ ឈ្មោះ វ៉ាន់ ថុល ភេទស្រី អាយុ៦៤ឆ្នាំ ត្រូវជាកូនបង្កើត (ងងឹតភ្នែកម្ខាង) ២-ឈ្មោះ ជឹម ស្តើង ភេទស្រីអាយុ ៣៥ឆ្នាំត្រូវជាចៅ ( ខ្វឹនដើរមិនរួច)
នឹងចៅទួតតូចៗចំនួន២នាក់ទៀត ត្រូវជាកូនឈ្មោះជឹម ស្តើង សព្វថ្ងៃនៅរៀន។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានឲ្យដឹងទៀតថា ចំពោះសម្ភារៈជាគ្រឿងឧបភោគបរិភោគ និងថវិកាដែលប្រគល់ជូនរួមមាន អង្ករ១ប៉ាវ៥០គីឡូក្រោម មី៤កេះ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ត្រីខកំប៉ុង២យួរ និងថវិកាចំនួន១.៥០០.០០០រៀល។
លោកអធិការប៉ូលិសស្រុកកៀនស្វាយ បានលើកឡើងថា ថ្វីត្បិតអំណោយខាងលើនេះ មានបរិមាណមិនសូវច្រើនក្ដី តែយ៉ាងហោចណាស់ ក៏លោកយាយអាចដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ បានមួយគ្រាផងដែរ ខណៈពេលលោកយាយកំពុងមានជីវភាពខ្វះខាត នាសព្វថ្ងៃនេះ ហើយរាល់សកម្មភាពការងារមនុស្សធម៌ នាពេលនេះ គឺជាការគិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាជនទូទៅ ក្នុងមូលដ្ឋានស្រុកកៀនស្វាយ ក្នុងនាមអធិការប៉ូលិសស្រុកកៀនស្វាយ នេះគឺជាវប្បធម៌ នៃការចែករំលែក ពីអ្នកមានលទ្ធភាព ជួយឧបត្ថម្ភដល់អ្នកគ្មានលទ្ធភាព ដែលក្រខ្សត់តួយ៉ាង ដូចជា ក្រុមគ្រួសារលោកយាយតែម្តង៕