ការពារកុំឲ្យមូសខ្លាខាំ និងការលុបបំបាត់ជម្រកមូស គឺជាវិធានការដ៏សំខាន់បំផុតសម្រាប់ប្រយុទ្ធ នឹងជំងឺគ្រុនឈាម
ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា ការពារកុំឲ្យមូសខ្លាខាំ និងការលុបបំបាត់ជម្រកមូស គឺជាវិធានការដ៏សំខាន់បំផុតសម្រាប់ប្រយុទ្ធ នឹងជំងឺគ្រុនឈាម ក្នុងឆ្នាំ២០១៩ ដូច្នេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងដៃគូសុខាភិបាលទាំងអស់ សហការរួមគ្នាធ្វើសកម្មភាពចាំបាច់នេះ ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងរយៈពេលពីខែមករា ដល់ខែកក្កដា (គិតត្រឹម២៤សប្តាហ៍) ក្នុងឆ្នាំ២០១៩ មានអ្នកជំងឺគ្រុនឈាមសរុបចំនួន ២១.១៣០ ករណី និងស្លាប់ចំនួន២៥នាក់ ដែលតួលេខនេះ មានការកើនឡើងប្រហែលជា៥ដង ច្រើនជាងឆ្នាំ២០១៨ ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ជាមួយដៃគូពាក់ព័ន្ធ ស្តីពីវិធានការប្រយុទ្ធនឹងជំងឺគ្រុនឈាម ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នេះថា មន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំងអស់ បន្ដយកចិត្ដទុក្ខដាក់លើការធ្វើសកម្មភាពការងាររបស់ខ្លួន ឱ្យបានច្បាស់លាស់ និងចំគោលដៅ ក្នុងការប្រយុទ្ធនឹងជំងឺគ្រុនឈាមឆ្នាំ២០១៩ នេះ ព្រមទាំងតាមដានការងារ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ជាពិសេស លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចង្អុលបង្ហាញដល់គ្រប់ខេត្ត-រាជធានី អនុវត្តន៍កិច្ចអន្តរាគមន៍ជាបន្ទាន់ ចាប់តាំងពីដើមខែឧសភា ហើយកំពុងបន្ដការងារជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ យ៉ាងហ្មត់ចត់ ព្រមទាំងយកចិត្តទុកដាក់ពីកម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម អនុគណៈកម្មការគ្លីនិក មន្ទីរសុខាភិបាលខេត្ត-រាជធានី រួមទាំងកិច្ចគាំទ្រពី គណៈអភិបាលខេត្ត និងដៃគូរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន ក្នុងការដាក់ថ្នាំសម្លាប់ដង្កូវទឹក និងថ្នាំការពារកុំឲ្យកើតដង្កូវទឹកក្នុងអាង ឬពាងទឹក នៅក្នុងតំបន់ដែលប្រឈមខ្ពស់នឹងជំងឺគ្រុនឈាម។ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងរយៈពេលពីខែមករា ដល់ខែកក្កដា (គិតត្រឹម២៤សប្តាហ៍) ក្នុងឆ្នាំ២០១៩ មានអ្នកជំងឺគ្រុនឈាមសរុបចំនួន ២១.១៣០ ករណី និងស្លាប់ចំនួន២៥នាក់ (អត្រាស្លាប់គឺ ០,១២%)។ តួលេខនេះ មានការកើនឡើងប្រហែលជា៥ដង ច្រើនជាងឆ្នាំ២០១៨ ដែលមានអ្នកជំងឺគ្រុនឈាមតែ ៣.៩២៦ ករណី និងស្លាប់៧នាក់។ ស្ថានភាពជំងឺនេះ បានកើនឡើងក្នុងរាជធានី-ខេត្ត នៅឆ្នាំ២០១៩នេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ប៉ុន្តែមិនមែនបានន័យថា ជំងឺគ្រុនឈាមមាននៅគ្រប់កន្លែងទូទាំងប្រទេសនោះទេ គឺកើតមានរាយប៉ាយដុំៗតាមមួយភូមិ ឬពីរភូមិនៃភូមិសាស្រ្តឃុំ/សង្កាត់នីមួយៗ។ ជំងឺគ្រុនឈាមកើតលើគ្រប់ភេទ ស្រី ប្រុស ទាំងក្មេងទាំងចាស់ ហើយក្នុងក្រុមអាយុពី៥-១៤ឆ្នាំ ឈឺច្រើនជាងគេ និងអត្រាស្លាប់ខ្ពស់លើក្រុមអាយុក្មេងតិចជាង ៥ឆ្នាំ (មាន៩នាក់ស្លាប់)។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងបន្ដថា “ដើម្បីទប់ស្កាត់ និងគ្រប់គ្រងហានិភ័យ បណ្តាលមកពីការរាតត្បាត ជំងឺគ្រុនឈាមជាបន្តទៀត ឲ្យបានទាន់ពេលវេលា លោកស្រី បានសំណូមពរដល់ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលបានអញ្ជើញមកពីក្រសួងស្ថាប័នផ្សេងៗ ចូលរួមក្នុងកិច្ចប្រជុំនេះ បន្តចូលរួមសហការឲ្យបានកាន់តែទូលំទូលាយ ជាមួយក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិ បាលទូទាំង២៥ រាជធានី-ខេត្ត បង្កើនសកម្មភាពផ្សព្វផ្សាយ អប់រំសុខភាព តាមរយៈប្រព័ន្ធផ្សព្វផ្សាយ (ទូរទស្សន៍-វិទ្យុ-សារព័ត៌មាន-អប់រំតាមសហគមន៍ សាលារៀន ទីវត្តអារ៉ាម និងអប់រំចល័ត) ស្តីពីវិធានការបង្ការជំងឺគ្រុនឈាម ពិសេស អាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធ សូមជួយចាត់វិធានការសម្អាតការដ្ឋានសំណង់ និងសម្បកកង់ឡានឬម៉ូតូ ដែលទុកចោលពាសវាលពាសកាល ដើម្បីកុំឲ្យមានកន្លែងទឹកដក់ដែលជាជម្រកមូសខ្លា” ។
ជាថ្មីម្តងទៀត លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានជំរុញដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ពិនិត្យឡើងវិញ នូវអត្រាគ្របដណ្តប់ដាក់អាបែត (Abate) ការពារកុំឲ្យកើតដង្កូវទឹក និង ប៊ីធីអាយ (BTI) សម្រាប់សម្លាប់ដង្កូវទឹក ហើយត្រូវធានាថាអត្រាគ្របដណ្តប់អាបែត ឬ ប៊ីធីអាយ នៅតាមភូមិនីមួយៗ បានលើសពី៩៥% បើភូមិណាមិនសម្រេចបាន ៩៥% ត្រូវដាក់ឡើងវិញទាំងស្រុង។ លោកស្រី បានផ្តាំផ្ញើ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យចូលរួមយ៉ាងសកម្ម អនុវត្តវិធានការការពារជំងឺគ្រុនឈាម ដោយអនុវត្តន៍វិធានការទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីស្ថានភាពជំងឺគ្រុនឈាម ដែលបានចេញផ្សាយជាសាធារណៈកន្លងមកថ្មីៗនេះ។ ទន្ទឹមនឹងនេះផងដែរ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានអំពាវនាវដល់អង្គការសុខភាពពិភពលោក អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ជាតិ-អន្តរជាតិទាំងអស់បន្តជួយឧបត្ថម្ភ គាំទ្រ និងសហការជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសក្នុងដូវភ្លៀងឆ្នាំ២០១៩នេះ៕