ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនមន្រ្តីនាយកដ្ឋានអង្គរក្សម្នាក់ និងបក្ខពួកម្នាក់ ពាក់ព័ន្ធលួចលុយគេជាង២លានដុល្លារ

64

ភ្នំពេញ ​៖​ បុរសម្នាក់ បម្រើការងារនៅនាយដ្ឋានកងអង្គរក្ស មានឋានៈអនុសេនីយ៍ឯក និងមានមុខងារជាមន្ត្រីជំនួយការស្រាវជ្រាវសន្តិសុខ ត្រូវ
កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ សហការ​ ជាមួយនគរបាលខណ្ឌសែនសុខ ចាប់ខ្លួន កកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ​ ក្នុងបទ ចោទប្រកាន់ លួចលុយគេ ជា២លានដុល្លារ ។

ជនសង្ស័យ​ ឈ្មោះ អៀម​ សំអន ភេទ​ប្រុស ​កើត​នៅ​ឆ្នាំ​១៩៨២ មុខរបរ​យោធា បម្រើ​ការ​ងារ​នៅ​ នាយដ្ឋានកងអង្គរក្ស មានឋានៈអនុសេនីយ៍ឯក មុខងារ​ជា​មន្ត្រី​ជំនួយការ​ស្រាវជ្រាវ​សន្តិសុខ​ មានទីលំនៅផ្ទះសង់ថ្មី ភូមិ​បាយ៉ាប សង្កាត់ភ្នំពេញ។ ពេលឃាត់ខ្លួនជាក់ស្ដែងនៅគេហដ្ឋាន សមត្ថកិច្ចបានរកឃើញលុយចំនួន២៥ម៉ឺនដុល្លារអាមេរិក ក្នុង​ចំណោម​លុយ​ដែល​បបាត់ ២,៤លានដុល្លារ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ បាន​ឲ្យ​​ដឹង​ថា ការ​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ ​ធ្វើឡើង​តាម​បណ្តឹង​ជនរងគ្រោះ ​ដែល​ប្តឹង​ទៅ​ក្រសួងមហាផ្ទៃ​ថា បាន​បាត់​លុយ​២​,៤លានដុល្លារ ប៉ុន្តែកាលពីថ្ងៃទី 18 ខែកក្កដា សមត្ថកិច្ចបានចាប់ខ្លួន បក្ខពួករបស់គេម្នាក់ នៅខណ្ឌចំការមន ដោយបានរកឃើញលុយជាង១០ម៉ឺនដុល្លារ  និងបន្តស្រាវជ្រាវមកចាប់ខ្លួន អៀម សំអន​ រកឃើញលុយ២៥ម៉ឺនដុល្លារ ( ក្រដាសប្រាក់​១០០​ដុល្លារ​ សុទ្ធ ចំនួន២៥ដុំ ) ដែល​គេ​ទុក​នៅ​ក្នុង​ផ្ទះ​ និង​ដកហូត​អាវុធ​ខ្លី​១​ដើម​ ម៉ាក​kimBer លេខ​សម្គាល់​ 1765 មាន​គ្រាប់​ចំនួន​៨​នៅ​ក្នុង​បង់​ និង​វិទ្យុ​ទាក់ទង​១​គ្រឿង​ រួមទាំងឯកសារផ្ទាល់ខ្លួន ពាក់ព័ន្ធអង្គភាពបម្រើការងារនៅនាយកដ្ឋានអង្គរក្ស។​

ប៉ូលិស​កំពុងតែ​បន្តធ្វើ​ការស្រាវជ្រាវ​បន្ថែម​ទៀត​ ដើម្បី​តាម​ចាប់​បក្ខពួក​របស់​គេ​ និង​រកលុយ​ដែល​បាន​បាត់​រាប់​លាន​ដុល្លារ​នោះ​បន្ថែម​ទៀត។

តែទោះជាយ៉ាងណា សមត្ថកិច្ចក្នុងប្រតិបត្តិការនេះ ពុំបានបញ្ជាក់អំពីអត្តសញ្ញាណ ឬក៏អាសយដ្ឋាន នៃម្ចាស់ដើមដឹងនោះទេ៕

អត្ថបទដែលជាប់ទាក់ទង