អភិបាលខេត្តព្រះសីហនុ ចាត់វិធានការថ្មី ដើម្បីអោយទូទាំងខេត្តមានសន្តិសុខ សណ្តាប់ធ្នាប់ ជាមួយនិងការលុបបំបាត់គ្រឿងញៀន តាមក្លឹប កំសាន្តនានា
ខេត្តព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានដាក់ចេញជាវិធានការថ្មី បន្ថែមទៀតដើម្បីអោយទូទាំងខេត្តមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាមួយនឹងការលប់បំបាត់គ្រឿងញៀននៅតាមក្លឹបកំសាន្តនានា ហើយការងារនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីយប់ថ្ងៃច័ន្ទ ទី២២ ខែកក្ដដា ឆ្នាំ២០១៩ខាងមុខនេះតទៅ។
ការដាក់ចេញជាវិធានការថ្មី បន្ថែមទៀតនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តនារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ហើយវិធានការដែលលោក គួច ចំរើន បានដាក់ចេញមានដូចជា៖ ១. បង្កើនការល្បាតពេលយប់ទៅតាមភូមិសាស្រ្តស្មុគស្មាញ ។ ២. អង្គភាពជំនាញពាក់ព័ន្ធត្រូវក្នុងការក្តាប់សភាពការណ៍ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធ។ ៣.ត្រូវ យកចិត្តទុក្ខដាក់ទប់ស្កាត់រាល់ឧបាយកលទាំងឡាយណាដែលនាំអោយប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ ដោយត្រូវមានវិធានការបង្កាទប់ស្កាត់ និងបង្រ្កាប អោយបានទាន់ពេលវេលា ហើយ វិធានការដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំនេះនឹងចាប់អនុវត្តចាប់ពីយប់ថ្ងៃច័ន្ទ ទី២២ ខែកក្ដដា ឆ្នាំ២០១៩។
លោក គួច ចំរើន ក៏បានស្នើដល់កងកម្លាំងអោយជួយសំរួលចរាចរណ៍ពេលមានការកកស្ទះ និងធ្វើការលុបបំបាត់ការជួញដូរប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយភាព។ បញ្ហាភ្លើងសញ្ញាចរាចរណ៍ត្រូវកែប្រែ និងចាត់ចែងអោយបានសមស្របទៅតាមស្ថានភាពចរាចរណ៍ជាក់ស្តែងក្នុងខេត្តព្រះសីហនុ ។ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីបញ្ហាគ្រោះថ្នាក់ និងផលប៉ះពាល់នៃសំណល់ជាតិផ្ទុះពីសង្រ្គាម,បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងរៀបចំផែនការត្រួតពិនិត្យទឹកនោមរកសារធាតុញៀនចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ៕