អាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យស្ថានភាពតាមច្រាំងទន្លេដេីម្បីពិនិត្យស្ថានភាពហានិភ័យដោយគ្រោះធម្មជាតិនិងការរំលោភបំពានផ្សេងៗ
ភ្នំពេញ៖ អាជ្ញាធរចំរុះរបស់ខណ្ឌចំការមន ដឹកនាំដោយលោកអភិបាលខណ្ឌថេង សុថុល បានចុះពិនិត្យស្ថានភាពច្រាំងទន្លេជុំវិញតំបន់កោះពេជ្រ។ការចុះពិនិត្យច្រាំងទន្លេធ្វេីឡេីងនៅព្រឹកថ្ងៃទី២០ កក្កដានេះនៅតាមទីតាំងច្រាំងបណ្តោយទន្លេបាសាក់ក្នុងភូមិសាស្ត្រខណ្ឌចំការមន ដេីម្បីពិនិត្យស្ថានភាពផ្សេងៗដូចជាការរំលោភយកច្រាំងទន្លេ ការសាងសង់សំនង់ខុសច្បាប់ ការចតទូកនេសាទនៅកន្លែងតបន់ហាមឃាត់ ជាមួយនិងការពិនិត្យក្រែងមានការបាក់ច្រាំងទន្លេផងដែរ ។
អភិបាលខណ្ឌចំការមនលោកថេង សុថុលប្រាប់អោយដឹងក្នុងដំណេីរចុះពិនិត្យច្រាំងទន្លេគឺដេីម្បីពិនិត្យស្ថានភាពផ្សេងៗរួមមានការរំលោភយកច្រាំងទន្លេ ការសាងសង់សំនង់ខុសច្បាប់ ទូកនេសាទដែលសំចតប្រមូលផ្តុំនៅកន្លែងតបន់ហាមឃាត់ ព្រមទាំងពិនិត្យក្រែងមានការបាក់ច្រាំងទន្លេផងដែរ លោកអភិបាលខណ្ឌ ថេង សុថុលបន្តអោយេឹងថាការចុះនៅពេលនេះគឺដេីម្បីធ្វេីការទប់ស្កាត់អោយទាន់ពេលវេលា រាល់បញ្ហាដែលរំលោភយកច្រាំងទន្លេដោយខុសច្បាប់ពីជនខិលខូចមួយចំនួន។
គួរបញ្ជាក់ថាអភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេងក្នុងកិច្ចប្រជុំថ្ងៃទី១៥ កក្កដាក្នុងកិច្ចប្រជុំពាក់ព័ន្ធការពិនិត្យការដ្ឋានសាងសង់ការចាក់ដីបំពេញការបូមខ្សាច់គ្មានច្បាប់អនុញ្ញាតិនៅក្នុងរាជធានីភ្នំពេញ បានបញ្ជាអោយអភិបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ត្រូវធ្វេីការទប់ស្កាត់រាល់សំណង់ខុសច្បាប់ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តមឃួងស្រេងបានណែនាំអោយអភិបាលខណ្ឌទាំង១៤ពិនិត្យឲ្យបានម៉ត់ចត់លើការដ្ឋានសាងសង់ការចាក់ដីបំពេញការបូមខ្សាច់នៅក្នុងរាជធានីភ្នំពេញដោយត្រូវត្រួតពិនិត្យពីបញ្ហាបច្ចេកទេសនិងការគោរពតាមបទដ្ឋាននគរូបនីបញ្ញាតិជាមុនបើទោះជាការដ្ឋានសំណង់នោះមានកំពស់២ទៅ៣ជាន់ក៏ដោយ៕