កម្ពុជាមិនទាន់រកបានមេដាយនៅឡើយទេ
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សអាស៊ានលើកទី១១ឆ្នាំ២០១៩“11th ASEAN School Games 2019 ” កម្ពុជាពុំទាន់ដណ្ដើមបានមេដាយនៅឡើយទេ ។
សម្រាប់ការប្រកួតថ្ងៃទី២០កក្កដាប្រភេទកីឡាហែលទឹកកីឡាករកម្ពុជាកីឡាករអ៊ូងលីហេងប្រកួតលើវិញ្ញាសា ១០០ម របៀបហែលកង្កែបផ្ដាច់ព្រ័ត្រដណ្ដើមបានចំណាត់ថ្នាក់លេខ៨ ។
ប្រភេទកីឡាអត្តពលកម្មក្នុងវគ្គប្រកួតជម្រុះកីឡាករកម្ពុជាផាន ផាន់ឈីដែលប្រកួតវិញ្ញាសារត់៤០០ម៉ែត្រផ្លោះរបងនោះដណ្ដើមបានចំណាត់ថ្នាក់លេខ៥ដោយរត់ក្នុងថិរវេលា៥០វិនាទី២៥ ។ វិញ្ញាសាចោលដុំដែកកីឡាការិនីផន សុវណ្ណារ៉ាដែលចោលបានចម្ងាយ៩,២៤ម៉ែត្រនោះទទួលបានចំណាត់ថ្នាក់លេខ៨ ។ វិញ្ញាសារត់បណ្ដាក់៤០០ម៉ែត្រ៤ដងកម្ពុជាដណ្ដើមបានចំណាត់ថ្នាក់លេខ៦ដោយប្រើថិរវេលា៣នាទី៥៧វិនាទី៨៥ ។
ប្រភេទកីឡាវាយសីវិញ្ញាសាប្រកួតជាក្រុមបុរសកម្ពុជាប្រកួតចាញ់ថៃ០ ទល់៥ រីឯវិញ្ញាសាប្រកួតជាក្រុមនារីវិញនោះកម្ពុជាក៏ចាញ់ក្រុមឡាវ០ ទល់៥ដែរ ។
ចំពោះប្រភេទកីឡាវាយកូនឃ្លីលើតុវិញនោះវិញ្ញាសាប្រកួតជាក្រុមក៏កម្ពុជាចាញ់អស់ទៅហើយដែរ ។វិញ្ញាសាប្រកួតជាក្រុមនេះការប្រកួតថ្ងៃទី១៩កក្កដាកម្ពុជាចាញ់ម៉ាឡេស៊ី០ទល់៣ ។ ចំពោះការប្រកួតថ្ងៃទី២០កក្កដាពេលព្រឹកកម្ពុជាចាញ់ថៃ០ទល់៣សិត និងពេលល្ងាចកម្ពុជាចាញ់ប្រ៊ុយណាដារុយហ្សាឡឹម១ទល់៣សិតដែរ ។
ទោះជាយ៉ាងណាក៏សម្រាប់ប្រភេទកីឡាវាយកូនឃ្លីលើតុ និង វាយសីកម្ពុជានៅសល់វិញ្ញាសាប្រកួតជាឯកត្តជនទាំងបុរស-នារីទៀតដែរ ។
សម្រាប់ការប្រកួតកីឡាសិស្សអាស៊ានលើកទី១១នេះប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសប្រ៊ុយណេក្នុងរយៈពេល២ថ្ងៃមិនទាន់ទទួលបានមេដាយមួយគ្រឿងនៅឡើយទេក្នុងខណៈប្រទេសម្ចាស់ផ្ទះឥណ្ឌូនេស៊ីដណ្តើមមេដាយចំនួន៣១គ្រឿង។
នៅលើតារាងវិញប្រទេសម្ចាស់ផ្ទះឥណ្ឌូនេស៊ីដណ្តើមមេដាយចំនួន៣១គ្រឿងដោយមានមេដាយមាស១៣គ្រឿងមេដាយប្រាក់៨គ្រឿងនិងមេដាយសំរិទ្ធ១០គ្រឿងប្រទេសថៃដណ្តើមមេដាយចំនួន៣៤គ្រឿងដោយមានមេដាយមាស១១គ្រឿងមេដាយប្រាក់១២គ្រឿងនិងមេដាយសំរិទ្ធ១១គ្រឿងនិងប្រទេសម៉ាឡេស៊ីដណ្តើមមេដាយចំនួន២៣គ្រឿង ក្នុងនោះមេដាយមាស៨គ្រឿង មេដាយប្រាក់១០គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង។
ប្រទេសសិង្ហបុរីដណ្តើមមេដាយចំនួន១៣គ្រឿង ដោយមានមេដាយមាស៤គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ៧គ្រឿង ហើយប្រទេសវៀតណាមដណ្តើមមេដាយចំនួន៩គ្រឿង ដោយមានមេដាយមាស៣គ្រឿង មេដាយប្រាក់៣គ្រឿងនិងមេដាយសំរិទ្ធ៣គ្រឿងនិងប្រទេសហ្វីលីពីនដណ្តើមមេដាយចំនួន៧គ្រឿងរួមមានមេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៧គ្រឿង ៕