អភិបាលខេត្តព្រះសីហនុ ចុះអន្តរាគមន៍ករណី គ្រោះថ្នាក់ចរាចរ កើតឡើងរវាងរថយន្ត និងម៉ូតូ បណ្តាឲ្យស្លាប់ម្នាក់
នាព្រឹកថ្ងៃទី ២១ ខែកក្កដានេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងដំណើរឆ្លងកាត់តាម ផ្លូវជាតិលេខ៤ បានចុះអន្តរាគមន៍ករណី គ្រោះថ្នាក់ចរាចរមួយ កើតឡើងរវាងរថយន្តដឹកទំនិញ និងម៉ូតូមួយគ្រឿង ធ្វើដំណើរពីរនាក់ម្តាយ និងកូន តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ករណីគ្រោះថ្នាក់នេះ បានបណ្តាលឱ្យស្រី្តម្នាក់ជាម្តាយ អាយុជាង៧០ឆ្នាំ បានស្លាប់បាត់បង់ជីវិត និងស្ត្រីជាកូនរងរបួស។ ក្នុងនោះលោកអភិបាលខេត្តបានអន្តរាគមន៍ហៅឡាន សង្គ្រោះ ដើម្បីជួយដល់ស្រី្តរងគ្រោះដែលរងរបួស ចំណែក ឡានដែលបាន បង្កគ្រោះថ្នាក់ត្រូវឃាត់ទុក ដើម្បីដោះស្រាយ តាមនីតិវិធីច្បាប់ ដោយតៃកុងឡាន បានរត់គេចខ្លួនបាត់៕