ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជាន់ខ្ពស់រដ្ឋបាលរាជធានី បានកៀរគរឱ្យសមាគមត្រកូលលីម បណ្ដាក់ទុនវិនិយោគ នៅរាជធានីភ្នំពេញ ឱ្យកាន់តែច្រើនបន្ថែមទៀត

162

ភ្នំពេញ៖ លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងកៀរគរអ្នកវិនិយោគជនជាតិចិន ជាពិសេសបងប្អូនក្នុងសមាគមត្រកូលលីម ឲ្យមកដាក់ទុនវិនិយោគ ឲ្យកាន់តែច្រើននៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ដោយលោកបានបញ្ជាក់ថា បងប្អូនត្រកូលលីមរូបណា ដែលមិនទាន់បានបណ្តាក់ទុនរកស៊ី នៅកម្ពុជា សូមអញ្ជើញបណ្ដាក់ទុននៅកម្ពុជា។

ក្នុងពិធីសម្ពោធឲ្យប្រើប្រាស់អគារថ្មីនៃសមាគមត្រកូលលីមនៅកម្ពុជានៅថ្ងៃទី 21 កក្កដា 2019 នេះ នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ocic ខណ្ឌជ្រោយចង្វា លោកស្រី ធាន លីង ប្រធានផ្នែកកុងស៊ុល នៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការសម្ពោធឲ្យប្រើប្រាស់អគារថ្មីនៃសមាគមត្រកូលលីមនៅកម្ពុជា ។ ការសម្ពោធឲ្យប្រើប្រាស់អគារថ្មីនេះ គឺជារឿងដ៏ល្អមួយសម្រាប់បងប្អូនត្រកូលលីម នៅទូទាំងប្រទេសកម្ពុជា និងជាដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយទៀត របស់សមាគមត្រកូលលីមនៅកម្ពុជា។ បងប្អូនកម្ពុជា នៅក្នុងនិងក្រៅប្រទេស មានចិត្តសប្បុរសជួយជ្រោមជ្រែង យ៉ាងខ្លាំងក្នុង ការអភិវឌ្ឍកិច្ចការសមាគមខ្មែរចិន ពួកគាត់បានចូលរួមយ៉ាងសកម្ម ទាំងលើនេះ ពិតជាគួរឲ្យកោតសរសើរមែន។ តាំងពីដើមរហូតមក បងប្អូនកូនចៅចិន បានចូលរួមក្នុងកិច្ចការសង្គមកម្ពុជា យ៉ាងសកម្ម ខិតខំអភិវឌ្ឍវិស័យអប់រំអក្សរសាស្ត្រចិន លើកតម្កើងវប្បធម៌នៃប្រពៃណីរបស់ចិន និងសកម្មក្នុងការចងក្រងសាមគ្គីគ្នា ជាមួយបងប្អូនសមាគមទាំងឡាយនៅកម្ពុជា។ សមត្ថភាពរបស់សមាគម ក៏បានអភិវឌ្ឍកើនឡើងជាបន្តបន្ទាប់។ ស្របពេលជាមួយគ្នាសមាគម ក៏បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ការអភិវឌ្ឍន៍វិស័យអប់រំអក្សរសាស្ត្រចិន និងកិច្ចការមនុស្សធម៌ ហើយសមាគមក៏បានចូលរួមវិភាគទាន យ៉ាងសកម្មផងដែរ ក្នុងការពង្រឹងមិត្តភាពជាប្រពៃណី រវាងប្រជាជនចិនកម្ពុជា។ ដោយយោងតាមសន្ទុះ នៃយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសទាំងពីរ ចិនកម្ពុជា នាពេលបច្ចុប្បន្ន អាណិកជនចិន និងពាណិជ្ជករចិន បានដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមជំរុញ មិត្តភាពចិនកម្ពុជា បានយ៉ាងល្អ ហើយសង្ឃឹមថា សមាគមត្រកូលលីមកម្ពុជា រូបរួមគ្នា បន្តអភិវឌ្ឍកិច្ចការរបស់ខ្លួន ឲ្យកាន់តែរីកចម្រើនធំធាត់ថែមទៀត នឹងខិតខំរួមគ្នាជាមួយ សមាគមចិននៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោកឧកញ៉ាពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន បានថ្លែងថា ត្រកូល គឺជាត្រកូលដ៏ធំមួយ ក្នុងចំណោមត្រកូលធំៗទាំងឡាយ ដែលមានសមាជិក នៅគ្រប់តំបន់ ក្នុងពិភពលោក ដែលបានផ្តាំខ្ជាប់នូវគុណធម៌ រូបរួម និងជួយគ្នាទៅវិញទៅមក ប្រឹងប្រែងធ្វើការ នឹងក្លាយជាវីរជនដ៏ឆ្នើម នៃគ្រប់ស្រទាប់វណ្ណៈ។ សមាគមត្រកូលលីមនៅកម្ពុជា គឺជាសមាជិកមួយ របស់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ចាប់តាំងពីបង្កើតមក កិច្ចខិតខំប្រឹងប្រែង របស់សមាជិកគ្រប់អាណត្តិ មានសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ និងបានពង្រីកនូវសកម្មភាពខ្លួនជាច្រើន ដើម្បីបម្រើដល់បងប្អូនកូនចៅចិន និងរឹតចំណងមិត្តភាពកម្ពុជាចិន ឲ្យកាន់តែស្អិតល្មួត។ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា នឹងបន្តគាំទ្រដល់សកម្មភាពផ្សេងៗ របស់សមាគមត្រកូលលីម នៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍ ពង្រឹងមិត្តភាពកម្ពុជាចិន សេដ្ឋកិច្ចជាតិ កូនចៅជំនាន់ក្រោយ និងសមាគមចិន ឲ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនោះដែរ លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ដែលជាតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ស្នេើឲ្យបងប្អូនជនជាតិចិនទាំងអស់បន្តបានដាក់ទុនវិនិយោគ នៅរាជធានីភ្នំពេញ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល និងបានចាត់ទុក បងប្អូនជនជាតិចិន ដែលអញ្ជើញមកពីគ្រប់ទិសទី គឺជាមិត្តភក្កិល្អ ជាបងប្អូនល្អ ជាអ្នកជិតខាងល្អ និងជាដៃគូរកស៊ីល្អ ជាមួយគ្នា នាពេលបច្ចុប្បន្ន និងក៏ដូចជានាពេលអនាគត ។ នៅរាជធានីភ្នំពេញ មានប្រជាជនប្រមាណជិត 3 លាននាក់ ហើយមានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ បានបង្កើតនូវបរិយាកាសវិនិយោគ ដ៏ល្អសម្រាប់បងប្អូនជនជាតិចិន ដើម្បីបន្ថែមនូវឱកាសវិនិយោគ ក្នុងរាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនេះ តាងនាមឲ្យរដ្ឋបាលរាជធានីភ្នំពេញ លោកអភិបាលរង សូមថ្លែងអំណរគុណដល់ស្ថានទូតចិន ដែលតែងតែមានកិច្ចសហប្រតិបត្តិការល្អ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ទាំងការងារសង្គម និងទាំងការងារវិនិយោគ ព្រមទាំងការងារការទូត។ លោកអភិបាលរងរាជធានីភ្នំពេញ ក៏បានអរគុណដល់សម្ព័ន្ធខ្មែរចិន ដែលដឹកនាំដោយលោកឧកញ៉ាពុង ឃាវសែ បានគៀរគរបងប្អូនជនជាតិចិនទាំងអស់នៅកម្ពុជា បងប្អូនខ្មែរដែលមានដើមកំណើតចិន នៅរាជធានីភ្នំពេញ ឬក៏ដូចជានៅទូទាំងកម្ពុជា ឲ្យបន្តចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជានៅជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍនៅរាជធានី និងកម្ពុជា។ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ទុកបងប្អូនត្រកូលលីម ជាដៃគូល្អ ក្នុងការវិនិយោគ សម្រាប់ជំរុញការអភិវឌ្ឍ នៅក្នុងរាជធានីភ្នំពេញ។ បងប្អូនត្រកូលលីមណា ដែលមិនទាន់ដាក់ទុនវិនិយោគ នៅរាជធានីភ្នំពេញ ឬក៏នៅកម្ពុជា សូមគិតគូរនូវឱកាសវិនិយោគ នៅប្រទេសកម្ពុជា និងនៅរាជធានីភ្នំពេញ ហើយបើអ្នកណា បានដាក់ទុនវិនិយោគហើយ សូមគិតគូរ រិះរកផែនការវិនិយោគរបស់ខ្លួន បន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង