ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វង្ស វិឆ័យ និង ឆៃ សារ៉ាដឹកដៃគ្នាឡើងជុំទី៣មុនគេ

96

​ភ្នំពេញ:ព្រឹត្តិការណ៍Boostrong Gold Medal Fighter on Fire លើសង្វៀនអាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២១ កក្កដាអ្នកប្រដាល់កម្ពុជា២រូបបានឆ្លងផុតវគ្គជម្រុះជុំទី២ហើយ ។

​ឆៃ សារ៉ាមកពីសមាគមប្រដាល់ក្រសួងការពារជាតិបានធ្វើឲ្យអ្នកប្រដាល់ជើងខ្លាំងថៃឈូក ណាំឆៃ(Chhuok Namchhai)ខូចជើងមុនស្នូរជួងបញ្ចប់ទឹកទី១ដែលមិនគួរឲ្យនឹកស្មានដល់ ។ កាលពីប្រកួតនៅជុំទី១សារ៉ាផ្ដួលអ្នកប្រដាល់ថៃហ្វា មឹឆៃ(Fa Mechhai)បាននៅទឹកទី៤ ។

​ចំពោះអ្នកប្រដាល់ថៃឈូក ណាំឆៃរូបនេះវិញគេបានយកឈ្នះអ្នកប្រដាល់កម្ពុជានៅទឹកទី២ ។តែសម្រាប់ការ ប្រកួតនៅជុំទី២នេះវិញឈូក ណាំឆៃមិនមានសំណាងល្អដូចកាលប្រកួតនៅជុំទី១ឡើយ ។

​តាមពិតស្ថានភាពនៅដើមទឹកអ្នកទាំង២ហាក់ដូចជា គ្មាននរណាលើនរណាឡើយតែមកដល់ពាក់កណ្ដាលទឹកអ្នកប្រដាល់ថៃរូបនេះ ហាក់ដូចជាមានបញ្ហាជើងលុះដល់សារ៉ាប្រហារបន្ថែមនោះ ធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះខូចជើងតែម្ដង ។ឈូក ណាំឆៃខ្តាតចេញពីការប្រកួតត្រឹមនេះឯសារ៉ារង់ចាំប្រកួតបន្តនៅជុំទី៣ទៀត ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរវង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង៩១១បានយកឈ្នះអ្នកប្រដាល់អូស្រ្តាលីដារិន ចិន(Darin Chen)ដោយពិន្ទុដាច់តែម្ដង ។

​តាមពិតអ្នកប្រដាល់ទាំង២រូបនេះធ្លាប់ជួបប្រកួតគ្នាម្ដងហើយដែលកាលនោះក៏វង្ស វិឆ័យជាអ្នកបានទទួល ជ័យជំនះដោយពិន្ទុដែរ ។ ជំនួបលើកនេះវិឆ័យមានប្រៀបពេញទាំង៥ទឹកតែម្ដង ។ វិឆ័យកាលជុំទី១ផ្ដួលអ្នកប្រដាល់អ៊ីរ៉ង់ម៉ារទីន(Martin)ដោយជង្គង់នៅទឹ២ ចំពោះដារិន ចិនឈ្នះធី តុងហ៊ីក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ ។

​សម្រាប់ព្រឹត្តិការណ៍ Boostrong Gold Medal Fighter on Fireដារិន ចិនខ្ទាតចេញពីការប្រកួតត្រឹមជុំទី២នេះចំពោះវិឆ័យត្រៀមប្រកួតជម្រុះនៅជុំទី៣បន្តទៀត ។

អត្ថបទដែលជាប់ទាក់ទង