រដ្ឋបាលរាជធានីភ្នំពេញធ្វើបច្ចុប្បន្នភាព ប្លង់គោលរាជធានីភ្នំពេញឆ្នាំ២០៣៥ ដើម្បីឈានទៅការអភិវឌ្ឍន៍ទីក្រុងធានាបានប្រសិទ្ធភាព
ទៅអនាគត។
ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការត្រួតពិនត្យប្លង់គោល២០៣៥និងពិគ្រោះយោបល់លើផែនការមេដឹកជញ្ជូនលម្អិតក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដានេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការពិនិត្យមើលការអនុវត្តប្លង់គោល ២០៣៥នៅរាជធានីភ្នំពេញនេះមានគោលដៅសំខាន់ណាស់ដើម្បីអោយគ្រប់ភាគីពាក់ព័ន្ធបានដឹងពី ស្ថានភាពជាក់ស្តែងនៃការអនុវត្តប្លង់មេនេះ កន្លងមកលើបញ្ហាវិជ្ជមាននិងអវិជ្ជមានដើម្បីផ្តល់ជាអនុសាសន៍ឈានទៅសម្រេចបានជោគជ័យនៃការអភិវឌ្ឍរាជធានីភ្នំពេញឆ្ពោះទៅឆ្នាំ២០៣៥ខាងមុខ។
លោកអភិបាលបានអៈអាងថា ការរួមគ្នាពិភាក្សាលើការគោលនយោបាយអនុវត្តន៍ប្លង់មេ នេះគឺស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យរយៈពេល៥ ត្រូវត្រួតពិនិត្យស្ថានភាពអភិ វឌ្ឍន៍នៃប្លង់គោលនៃម្តង ដើម្បីធានាកុំអោយមានបញ្ហាប្រឈមណាមួយកើតឡើងនាពេលខាងមុខ។
លោកបញ្ជាក់ថា ៥ឆ្នាំម្តងយើងត្រូវប្រជុំបញ្ហានេះ ថាតើប្លង់មេនេះទទួលបានជោគជ័យកម្រិតណា ហើយមាន ផលប៉ៈពាល់លើអ្វីដែលជាបញ្ហាប្រឈម អាចត្រូវកែឬត្រូវដោះស្រាយ ការអនុវត្តនឹងមានប្រសិទ្ធភាព ហើយមានប្រយោជន៍យ៉ាងម៉េចចំពោះជាតិចំពោះប្រជាជន ដើម្បីយើងអនុវត្តបន្តទៀត ហើយការ អនុវត្តទីក្រុងមួយបើគ្មានប្លង់មេ យើងអនុវត្តន៍មិនបានល្អប្រសើរនោះទេ។ ចំណុចនេះហើយដែលធ្វើឲ្យរាជរដ្ឋាភិបាលចេញអនុក្រឹត្យមួយដល់អ្នកអនុវត្តន៍ប្លង់មេនេះធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ៥ម្តង។
លោកស៊ិន បូណ៌មី នាយកទីចាត់ការរៀបចំក្រុងបានឲ្យដឹងថា ប្លង់គោល២០៣៥នេះ បានជួយតម្រង់ទិសការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយប្រសិទ្ធភាពតាមរយៈ ការតម្រង់ទិសការ ប្រើប្រាស់ដីធ្លី ការអភិវឌ្ឍផ្លូវគមនាគមន៍ ប្រព័ន្ធប្រឡាយមេ រោងចក្រសហគ្រាស និងតំបន់សាធារណៈផ្សេងៗ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងសង្គមជាតិ។
លោកបានបញ្ជាក់ថា ជាអនុសាសន៍ក្រុមការងារជំនាញនឹងប្រមូលទិន្នន័យប្លង់ប្រើប្រាស់ដីតាមខណ្ឌដែលមន្ទីររៀបចំដែន ដីនគរូបនីយ៍កម្មនិងសំណង់និងសុរិយោដីបានសិក្សានិងអនុម័តរួច ដើម្បីដាក់បញ្ជាន់ផ្ទៀងផ្ទាត់ជា មួយប្លង់គោល២០៣៥ និងប្លង់មេដឹកជញ្ជូនសាធារណ២០៣៥ដើម្បីត្រៀមធ្វើបច្ចុប្បន្នភាពនាឆ្នាំ២០២០ខាងមុខ។
គួរបញ្ជាក់ថា ប្លង់គោលរាជធានីភ្នំពេញ២០៣៥ ត្រូវបានចុះហត្ថលេខា អនុម័តយល់ព្រមដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៥ ដើម្បីធ្វើការរៀបចំទីក្រុងឲ្យបានល្អប្រសើរ ឆ្ពោះទៅដោះស្រាយបញ្ហាប្រឈមនឹងកំណើនប្រជាពលរដ្ឋ កំណើនយានយន្ត និងការអភិវឌ្ឍកាន់តែច្រើននាពេលខាងមុខ៕