ចាប់ខ្លួនឃាតករជនជាតិចិន ដែលសម្លាប់នារីម្នាក់ ដុតបំផ្លាញសព នៅក្បែរស្ពានព្រែកព្នៅ
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាល បានស្រាវជ្រាវរហូតដល់ ចាប់ជនដៃដល់ ជាឃាតករជនជាតិចិនដូចគ្នា។ បន្ទាប់ពីដុតសម្លាប់នារីរងគ្រោះរួចហើយ ជនដៃដល់ បានរត់ គេចលាក់ខ្លួននៅប្រទេសចិន ។
នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចាប់ខ្លួនឃាតករ ដែលបានសម្លាប់នារីរងគ្រោះ រួចយកសាកសពទៅដុតបំផ្លាញចោល នៅក្បែរស្ពានព្រែកព្នៅ ក្នុងខណ្ឌជ្រោយចង្វា ។ ចំពោះមូលហេតុ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កំពុងនាំខ្លួនយកទៅសួរនាំ។
លោកវរសេនីយឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកឲ្យដឹងនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះថា ជនដៃដល់ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីជនដៃដល់បានវិលត្រឡប់ពីប្រទេសចិន ចូលប្រទេសកម្ពុជាវិញ ដើម្បីធ្វើការងារវិញ ក្រោយគេចខ្លួនទៅប្រទេសចិនអស់មួយរយៈ។
លោកវរសេនីយ៍ឯក ជាវ វិបុល បានឲ្យដឹងថា ជនដៃដល់ដែលឈ្មោះ Yang Yang អាយុ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED1029380 ដែលចាប់ខ្លួនបាននៅចំណុចក្រុមហ៊ុន THE PARK WAY ស្ថិតនៅផ្លូវលេខ ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមចម្លើយរបស់ឈ្មោះ Yang Yang បានសារភាពថា ខ្លួនបានចូលមកប្រទេសកម្ពុជា កាលពីអំឡុងខែ១០ ឆ្នាំ២០១៦ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកធ្វើការនៅក្នុងក្រុមហ៊ុន THE PARK WAY ស្ថិតនៅផ្លូវលេខ ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លុះដល់ឆ្នាំ២០១៨ ក៏បានស្គាល់ជនរងគ្រោះឈ្មោះ Miao Xiaolin ហើយក៏ស្រឡាញ់គ្នាជាសង្សារ ដោយជួលផ្ទះសំណាក់យីហោ ហ្វីបារីស បន្ទប់លេខ ២០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ជនដៃដល់បានប្រាប់ឲ្យជនរងគ្រោះយកកូនចេញ ព្រោះខ្លួនមានប្រពន្ធរួចហើយ តែជនរងគ្រោះមិនព្រម ក៏មានការឈ្លោះប្រកែកគ្នាហើយខ្លួនក៏ច្រានជនរងគ្រោះ ឲ្យដួលទៅលើឥដ្ឋបណ្តាលឲ្យសន្លប់ ហើយបានយកកន្សែងពោះគោរឹតកសម្លាប់។ បន្ទាប់មកជនដៃដល់ បានទៅទិញវ៉ាលិសមួយនៅផ្សារថ្មី តម្លៃ៨០ដុល្លារ ហើយយកសាកសពដាក់ក្នុងវ៉ាលិស រហូតដល់ម៉ោងប្រហែល៨យប់ថ្ងៃកើតហេតុ ទើបខ្លួនយកវ៉ាលិសដែលមានសាកសព ដឹកតាមរថយន្តមួយគ្រឿងម៉ាក Lexus RX 330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AM-1334 និងទិញសាំងមួយដប រួចដឹកសាកសពយកទៅដុតចោលនៅចំណុចដីឡូតិ៍លីយ៉ុងផាត់ ហើយគេចខ្លួនទៅប្រទេសចិននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩។ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ជនដៃដល់ក៏ត្រឡប់មកធ្វើការនៅក្នុងក្រុមហ៊ុនវិញ ដោយគិតថាពុំមានអ្នកណាដឹងរឿងនេះ តែពេលមកដល់ក្រុមហ៊ុនវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នបន្ទាប់ពីបញ្ចប់ការសួរនាំ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី។
សូមរំលឹកថា កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ នៅឯដីឡូតិ៍មួយកន្លែង ជិតស្ពានលីយ៉ុងផាត់ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានបង្កការភ្ញាក់ផ្អើលដោយសារមានផ្សែងហុយ និងជះក្លិនឆ្ងៀមពីបរិវេណកន្លែងកើតហេតុ ។ ជនសង្ស័យបានដឹកមនុស្សតាមរថយន្តយកទៅដុតចោល ដោយជនរងគ្រោះ ត្រូវបានគេសន្និដ្ឋាន ជាជំហ៊ានដំបូងថាជាមនុស្សស្រីជនជាតិចិន ៕