ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះចាប់ ក្រុមជនខិលខូច និងដកបង្គោលដែលបោះរំលោភយកដីវត្តគោកបញ្ជាន់ទំហំជាង៣ហិកតាធ្វើជាកម្មសិទ្ធិ

53

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះទៅដកបង្គោលដែលក្រុមឈ្មួញខិលខូចលួចដាំយកដីស្រះព្រះទន្លេ ទំហំជាង៣ហិកតា ជាកម្មសិទ្ធិរបស់វត្តគោកបញ្ជាន់។ នៅក្នុងប្រតិបត្តិការចុះដកបង្គោលខុសច្បាប់នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ យកទៅសាកសួរនៅសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីរកឲ្យឃើញថា អ្នកណាជាអ្នកនៅពីខាងក្រោយអំពើរំលោភយកដីវត្តនេះ។

សូមជម្រាបជូនថា ការចុះបង្ក្រាបអំពើរំលោភយកដីវត្តគោកបញ្ជាន់ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្បែរវត្តគោកបញ្ជាន់ បានឲ្យដឹងថា ដីស្រះព្រះទន្លេ ទំហំជាង៣ហិកតា ដែលជាកម្មសិទ្ធិរបស់វត្ត កំពុងត្រូវបានក្រុមជនមិនស្គាល់មុខមួយក្រុម បោះបង្គោលយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។

ក្រុមប្រជាពលរដ្ឋ បានលើកឡើងថា សកម្មភាពបោះបង្គោលយកដីព្រះទន្លេ ទើបតែកើតមានឡើងក្នុងពេលថ្មីនេះទេ ដោយមានបុរសៗវ័យចំណាស់ៗមួយក្រុម មានវិទ្យុទាក់ទងក្នុងដៃផង បាននាំគ្នាដឹកបង្គោលស៊ីម៉ង់ត៍មកដាំជុំវិញដីស្រះព្រះទន្លេ រួចបាញ់ថ្នាំពណ៌ខៀវ។ បន្ទាប់ពីដាំបង្គោលរួច ក្រុមបុរសៗមានគ្នាប្រមាណជាជិត១០នាក់ តែងតែនាំគ្នាផឹកស៊ី យាមបង្គោលទាំងអស់នោះ ដោយមិនឲ្យអ្នកណាដកចេញឡើយ។

ប្រភពបន្ថែមថា នៅពេលប្រជាពលរដ្ឋទៅសួរនាំពាក់ព័ន្ធរឿងដាំបង្គោលយកដីវត្តនេះ ក្រុមអ្នកបោះ និងយាមបង្គោលទាំងអស់នោះ បានប្រាប់ប្រជាពលរដ្ឋថា មេរបស់ពួកគេឲ្យចុះមកបោះ ព្រោះដីនោះជាដីរបស់មេពួកគេ ដែលពាក់ផ្កាយ៣ ដូច្នេះប្រជាពលរដ្ឋកុំដកបង្គោលនេះ ចេញឲ្យសោះប្រយ័ត្នមានរឿង។

ជុំវិញករណីនេះ ព្រះតេជគុណ សេង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់ ធ្លាប់បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ព្រះអង្គដឹងរឿងមានគេមកបោះបង្គោលយកដីវត្ត នៅចំណុចស្រះព្រះទន្លេនោះដែរ តែព្រះអង្គបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានរួចហើយ បើគេមិនចុះមកឃាត់ទេ ព្រះអង្គក៏មិនដឹងធ្វើមិចដែរ។ ព្រះអង្គមានសង្ឃដីកាថា “ដីវត្តនៅតែជាដីវត្ត មានអ្នកណាទៅទិញលក់ ឬយកធ្វើកម្មសិទ្ធិបានទេញោម”។

សូមបញ្ជាក់កថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៥ ដីស្រះព្រះទន្លេ មានទំហំ៣៦,៦៥៦ម៉ែត្រការ៉េ ត្រូវបានលោក ឆាយ ឬទ្ធិសែន អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ចុះបញ្ជី (ចេញប្លង់រឹង) ជាសម្បត្តិរបស់វត្តគោកបញ្ជាន់ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កាលពីអំឡុង២០១៦ ដីស្រះព្រះទន្លេនេះ ធ្លាប់មានក្រុមជនខិលខូចចង់គប់គិតគ្នាលួចលក់ម្តងរួចមកហើយ ប៉ុន្តែ ត្រូវបានប្រជាពលរដ្ឋរារាំង និងប្តឹងទប់ស្កាត់ទាន់ពេលវេលា។ ដោយនៅពេលនោះ ក្រុមជនខិចខូចបានលួចលក់ដីជាប់សាលារៀនបឋមសិក្សាគោកបញ្ជាន់ ដែលជាកម្មសិទ្ធិរបស់វត្ត ទំហំ៧ម៉ែត្រ គុណនឹង១០០ម៉ែត្រ។

នៅពេលនោះប្រជាពលរដ្ឋ បានប្តឹងសុំឲ្យអាជ្ញាធរ ដកព្រះតេជគុណ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ និងលោក សុខ លី មេភូមិចោមចៅ ចេញពីតំណែង ព្រោះពួកគាត់សង្ស័យថា បានគប់គិតគ្នាលួចលក់ដីវត្តឲ្យទៅឈ្មួញដោយខុសច្បាប់។

បើតាមពលរដ្ឋ ករណីដីស្រះព្រះទន្លេ របស់វត្តគោកបញ្ជាក់ កំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការក្រុងភ្នំពេញ ដោយសារប្រជាពលរដ្ឋបានប្តឹងរក្សាការពារ និងសុំរំលាយគណៈកម្មការវត្តគោកបញ្ជាន់ចោល ព្រោះពួកគាត់សង្ស័យថា ដីវត្តអាចឈ្មួញទិញបានព្រោះមានការគប់គិតគ្នាពីមនុស្សដែលមានសិទ្ធិអំណាចសម្រេចកិច្ចការនៅក្នុងវត្ត៕

 

អត្ថបទដែលជាប់ទាក់ទង