ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសជាជំហរថា ចាប់ពីពេលនេះតទៅ ក្រសួងត្រូវការតែផ្លូវដែលមានគុណភាព និងឈប់ទទួលផ្លូវដែលសាងសង់មិនមានគុណភាពទៀតហើយ

61

ព្រះវិហារ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសជាជំហរថា ចាប់ពីពេលនេះតទៅ ក្រសួងត្រូវការតែផ្លូវដែលធ្វើមានគុណភាពជាប់យូរប៉ុណ្ណោះ ពោលគឺ ក្រសួងឈប់ទទួលផ្លូវទាំងឡាយណា ដែលសាងសង់មិនមានគុណភាពទៀតហើយ។

លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីបម្រើការងារនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដោយមានការ​អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៅក្នុង ក្រសួងសាធារណការ និងដឹកជញ្ជូន រួមនិងអភិបាលខេត្តព្រះវិហារផងដែរ ។

លោកទេសរដ្ឋមន្ត្រី បន្តថា តើយើងឈឺចាប់ទេ នៅពេលឮគេនិយាយ ថា (ចាក់ស្តើងស៊ីក្រាស់ ស៊ីក្រាស់ចាក់ស្តើង) នេះគឺជាសំណួររបស់លោក សួរទៅកាន់ក្នុងកិច្ចសំណេះ សំណាលជាមួយមន្ត្រីនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តផងដែរ។

លោកបានបន្តទៀតថា នេះគឺជាពាក្យដែលគេនិយមប្រើនិយាយផ្លែផ្កាឱ្យមន្ត្រីទទួលភារកិច្ចលើការសាងសង់ផ្លូវ ពោលអោយចំពាក្យនេះ គេចង់មានន័យថា នៅពេលដែលមន្ត្រីពុករលួយទទួលលុយពីការសាងសង់ផ្លូវ នឹងធ្វើឱ្យផ្លូវនោះ មិនមានគុណភាព ឬឆាប់ខូចទៅវិញជាដើម។

ជាមួយការចោទជាសំណួរបែបនេះហើយ លោក ស៊ុន ចាន់ថុល បានក្រើនរំលឹកមន្ត្រីរបស់លោកឱ្យយកចិត្តទុកដាក់ទៅការសាងសង់ផ្លូវនៅក្នុងខេត្ត ក៏ដូចជាផ្លូវជាតិហើយត្រូវធ្វើយ៉ាងណាកុំឲ្យពាក្យដែលគេបាននិយាយ។ ហើយក៏សូមអោយមានការពិនិត្យឱ្យបានល្អិតល្អន់ទៅលើផ្លូវនីមួយៗមុនចុះហត្ថលេខាទទួលពីក្រុមហ៊ុនសាងសង់ ដើម្បីកុំឱ្យទទួលរងការរិះគន់ ពីមជ្ឈដ្ឋានមួយចំនួនផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង