រុស្ស៊ីថា យន្តហោះយោធាខ្លួន រំលោភដែនអាកាស របស់កូរ៉េខាងត្បូង ដោយសារតែបញ្ហាបច្ចេកទេស
ប្រទេសរុស្ស៊ីបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលយន្តហោះយោធារបស់ខ្លួនបានហោះចូលដែនអាកាសរបស់កូរ៉េខាងត្បូង ហើយរុស្ស៊ីបានលើកឡើងថាវាគឺជារឿងអចេតនា ដោយសារតែបញ្ហាបច្ចេកទេស។ នេះបើតាមការបញ្ជាក់របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។
កាលពីថ្ងៃអង្គារម្សិលមិញ ទីក្រុងសេអ៊ូលបាននិយាយថា យន្តហោះចំបាំងរុស្ស៊ីបានរំលោភដែនអាកាសរបស់កូរ៉េខាងត្បូងចំនួន ២ដង។ យោធាកូរ៉េខាងត្បូងក៏បានធ្វើការបាញ់គំរាមយន្តហោះរុស្ស៊ីនោះផងដែរ។
ដំបូងឡើយ ក្រសួងការពារជាតិរុស្ស៊ីបានធ្វើការបដិសេធចំពោះហេតុការណ៍នោះ ប៉ុន្តែវិមានខៀវរបស់កូរ៉េខាងត្បូង បានថ្លែងថា ឥឡូវនេះ រុស្ស៊ីបានសម្តែងការសោកស្តាយ និងបានលើកឡើងថា ការរំលោភដែនអាកាសរបស់កូរ៉េខាងត្បូងគឺជារឿងអចេតនា។
តើមានអ្វីកើតឡើងកាលពីថ្ងៃអង្គារម្សិលមិញ?
យោធាកូរ៉េខាងត្បូងបាននិយាយថា យន្តហោះរុស្ស៊ីចំនួន ៣គ្រឿង និងយន្តហោះយោធាចិន ២គ្រឿង បានហោះចូលដែនអាកាសរបស់កូរ៉េខាងត្បូងនៅព្រឹកថ្ងៃអង្គារ។
កូរ៉េខាងត្បូងបញ្ជាក់ថា យន្តហោះចំបាំងរបស់ខ្លួនបានបាញ់ និងប្រើកាំភ្លើងយន្តបាញ់គំរាម នៅពេលយន្តហោះរុស្ស៊ីបានរំលោភដែនអាកាសខ្លួន។ ខ្លួនក៏បានប្រើយន្តហោះចំបាំង F-15 និង F-16 ដើម្បីឲ្យស្ទាក់យន្តហោះនោះផងដែរ៕