ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោះលែងអ្នកកាសែត២នាក់ ឯ ពលរដ្ឋ៥នាក់ ត្រូវតុលាការឃុំខ្លួន ករណីទំនាស់ដីធ្លីជាមួយឧកញ៉ា ខូវ សម្បត្តិ

67


ខេត្តព្រះសីហនុ ៖ ចៅក្រមសើបសួរតុលាការខេត្រព្រះសីហនុ បានសម្រេចដោះលែងអ្នកកាសែត២នាក់ ឲ្យមានសេរីភាពវិញ ប៉ុន្តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ចំណែកប្រជាពលរដ្ឋចំនួន ៥នាក់ទៀត ត្រូវបានតុលាការខេត្តព្រះសីហនុចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធករណីវិវាទដីធ្លី ជាមួយលោកឧកញ៉ា ខូវ សម្បត្តិ។

សំណុំរឿងដីធ្លីខាងលើនេះ លោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ ឈ្មោះ កែរ រតនា ចាងហ្វាងកាសែត TN និង ឈ្មោះ ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ញុះញង់ឲ្យប្រព្រឹត្តតាមផ្លូវសារព័ត៌មាន និងសមគំនិត ក្នុងអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមមាត្រា៤៩៥ មាត្រា៤៩៧ និង មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២៥៣ នៃច្បាប់ភូមិបាល។

ចំណែកប្រជាពលរដ្ឋចំនួន ៥នាក់មានឈ្មោះ ហង្ស សុភា ភេទស្រី អាយុ៤៩ឆ្នាំ , ឈ្មោះ ហង្ស ចិន្តា ភេទស្រី អាយុ៥១ឆ្នាំ , ឈ្មោះ សែន លក្ខិណា ភេទស្រី អាយុ៣២ឆ្នាំ , ឈ្មោះ ប៉ែន ស៊ីណាត ភេទស្រី អាយុ៥៧ឆ្នាំ និង ឈ្មោះ ហេង យោង ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទ ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត , បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ , និង កំហែងយក តាមមាត្រា២៥៣ នៃច្បាប់ភូមិបាល , មាត្រា៣៦៣ និង មាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ។

សំណុំរឿង និងជនត្រូវចោទ បានបញ្ជូនឲ្យចៅក្រមសើបសួរ ក៏ត្រូវចៅក្រមសម្រេចដោះលែងអ្នកកាសែតចំនួន ២នាក់ ឲ្យមានសេរីភាពវិញ ប៉ុន្តែបានសម្រេចឃុំខ្លួនប្រជាពលរដ្ឋទាំង ៥នាក់ដែលជាដើមរឿងបង្កើតឲ្យមានទំនាស់ខាងលើកើតឡើង។

សូមបញ្ជាក់ថា ជនសង្ស័យទាំងអស់ចំនួន៧នាក់ លើករណីសំណុំរឿងដីធ្លីខាងលើនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីបានប្រព្រឹត្តបទល្មើសបង្កទំនាស់លើដីកម្មសិទ្ធិ របស់ឈ្មោះ ខូវ សម្បត្តិ ដែលមានងារជាឧកញ៉ា មានទីតាំងនៅចំណុច ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង