ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីបាញ់សម្លាប់ស្ត្រីជនជាតិចិនម្នាក់ សមត្ថកិច្ចបានឃាត់មិត្តប្រុសរបស់ជនរងគ្រោះ ទៅសួរនាំ

69

ករណីបាញ់សម្លាប់ស្ត្រីជនជាតិចិនម្នាក់ សមត្ថកិច្ចបានឃាត់មិត្តប្រុសរបស់ជនរងគ្រោះ កំពុងធ្វើការសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រីឯជនសង្ស័យ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយជំនាញពាក់ព័ន្ធ ធ្វើការស្រាវជ្រាវយ៉ាងសកម្ម ដើម្បីតាមចាប់ខ្លួនមកផ្តន្ទាទោស។

ករណីបាញ់សម្លាប់ស្ត្រីជនជាតិចិនម្នាក់ នាវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឡើងដោយក្រុមជនសង្ស័យជនជាតិចិនដូចគ្នា មិនស្គាល់អត្តសញ្ញាណចំនួន ០៣នាក់។
នគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ជនសង្ស័យទាំង ០៣នាក់ បានធ្វើសកម្មភាពបាញ់ជនរងគ្រោះឈ្មោះ Zhang Dan ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូអ៊េសវី ផ្នែកនាំភ្ញៀវ មានទីលំនៅភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខណៈពេលដែលជនរងគ្រោះ និងមិត្តភក្តិប្រុសឈ្មោះ Xiao LiZhi ជនជាតិចិន ដើរចេញពីក្នុងកាស៊ីណូ អ៊េសវី (កន្លែងធ្វើការ) សំដៅទៅកន្លែងហាងលក់ទំនិញមួយកន្លែង ឈ្មោះ គ័រជីអ៊ិហាវ ពេលដើរដល់ចំណុចផ្លូវបត់មួយកន្លែង ជិតដល់ហាងកាហ្វេឈ្មោះ ៨៨១១ ក៏ឃើញមានរថយន ្ ១គ្រឿង ចតនៅទីនោះ បន្ទាប់មកស្រាប់តែមានជនជាតិចិន ០២នាក់ ភេទប្រុស ចុះមកពីលើរថយន្ត ហើយបម្រុងចាប់អូសជនរងគ្រោះ និងមិត្តប្រុសចូលក្នុងរថយន្ត តែពេលនោះជនរងគ្រោះបានរើបម្រាស់ ក្រោយមកក៏មានការផ្ទុះអាវុធ បណ្តាលឲ្យត្រូវជនរងគ្រោះភេទស្រី ត្រង់កញ្ចឹងកខាងឆ្វេង សំដៅមកគល់ដោះខាងស្តាំ ធ្វើឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង បន្ទាប់មកក្រុមជនសង្ស័យ ក៏បានជិះរថយន្តរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នមិត្តប្រុសរបស់ជនរងគ្រោះ កំពុងធ្វើការសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រីឯជនសង្ស័យ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយជំនាញពាក់ព័ន្ធ ធ្វើការស្រាវជ្រាវយ៉ាងសកម្ម ដើម្បីតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង