ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលដីកាបង្គាប់ ឲ្យចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលត្រូវតុលាការសម្រេចផ្តន្ទាទោស

64

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នោថ្ងៃ សៅរ៍ ១១រោច ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ រាជធានីភ្នំពេញថ្ងៃ២៦ ខែ កក្កដា ឆ្នាំ ២០១៩ បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលដីកាបង្គាប់ឲ្យចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលត្រូវតុលាការសម្រេចផ្តន្ទាទោស ហើយបច្ចុប្បន្នកំពុងគេចខ្លួន។

អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ឲ្យបានជ្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលដីកាបង្គាប់ឲ្យចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលត្រូវតុលាការសម្រេចផ្តន្ទាទោស ហើយបច្ចុប្បន្នកំពុងគេចខ្លួន។

ក្នុងតួនាទីជាភ្នាក់ងារអនុវត្តច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយ ស្របតាមច្បាប់ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព តាមដីការបស់តុលាការ ក្នុងការ
ស្វែងរក និងចាប់ខ្លួនទណ្ឌិត សម រង្ស៊ី និងបក្សពួក យកមកផ្តន្ទាទោស តាមច្បាប់ជាធរមាន។
ទន្ទឹមនេះ ក្នុងស្មារតីរួមចំណែកពង្រឹង និងការពារនីតិរដ្ឋ ព្រមទាំងធានាការ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យបានល្អប្រសើរ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិ ចូលរួមគាំទ្រដល់ការអនុវត្តភារកិច្ចរបស់កងកម្លាំងអនុវត្តន៍ច្បាប់ និងកុំធ្លាក់ក្នុងឧបាយកល ញុះញង់របស់ជនអគតិមួយក្តាប់តូច ដែលកំពុងបំផុសឲ្យប្រជាពលរដ្ឋបះបោរប្រឆាំងអាជ្ញាធរមានសមត្ថកិច្ចដែលសកម្មភាពនេះ គឺជាទង្វើខុសច្បាប់ ហើយក៏ជាទង្វើដែលបង្កឲ្យមានអសន្តិសុខដល់សង្គម ។ ជាមួយគ្នានេះដែរ សូមបញ្ឈប់ជាបន្ទាន់ នូវរាល់ចេតនារារាំងការអនុវត្តដីការបស់តុលាការ ព្រោះសកម្មភាពរារាំង ការអនុវត្តដីការបស់តុលាការ គឺជាអំពើដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
អគ្គស្នងការដ្ឋាននគរបាលជាតិ សង្ឃឹមយ៉ាងមុតមាំថា សាធារណជនជាតិ និងអន្តរជាតិ និងចូលរួមសហការគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

លោកគឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងលើហ្វេសប៊ុក នៅថ្ងៃទី២៧កក្កដានេះថា អាជ្ញាធរសាធារណៈ ដែលមានសមត្ថកិច្ច ត្រូវអនុវត្តសេចក្តីសម្រេចរបស់ស្ថាប័នតុលាការ ដើម្បីរក្សាបាននូវស្ថេរភាព និងសន្តិសុខជាតិ! ការចូលរួមប្រព្រឹត្តសកម្មភាពខុសច្បាប់ នឹងត្រូវទទួលការផ្តន្ទាទោសតាមច្បាប់កម្ពុជា!៕

អត្ថបទដែលជាប់ទាក់ទង