ប៉េអឹមចាប់ខ្លួនមន្ដ្រីរដ្ឋបាលព្រៃឈើ និងមន្ដ្រីបរិស្ថាន ៣នាក់ ពាក់ព័ន្ធបទល្មើសព្រៃឈើជាមួយនឹងឧកញ៉ា ស៊ឹង សំអុល ឯជនជាតិវៀតណាម២នាក់ ត្រូវឃុំខ្លួនដោយសារដើរប្រមូលទិញឈើ
មណ្ឌលគិរី៖ សមត្ថកិច្ចបានឃាត់ខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើដែលមានតំណែងគ្រាក់ៗចំនួន ៣នាក់ នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធបទល្មើសព្រៃឈើ។ សមត្ថកិច្ចបានឃាត់ខ្លួន ក្រុមជនសង្ស័យ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ហើយគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កំពុងសាកសួរចម្លើយក្រុមជនសង្ស័យ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង ៣នាក់រួមមាន៖ទី១ លោក ហាន សុខន ប្រធានការិយាល័យនិងជានាយកដែនជម្រកសត្វព្រៃលំផាត់-កោះញែក ភ្នំព្រេច ទី២ លោក សារ៉ូ រតនា នាយករងរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និងទី៣ លោក ហុង វណ្ណនេ នាយសង្កាត់រដ្ឋបាលព្រៃឈើរយ៉ ក្នុងស្រុកលំផាត់ ខេត្តមណ្ឌលគិរី។
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រី៣នាក់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅក្រុមហ៊ុនប៉ាស៊ីហ្វិច ត្រូវបានឃាត់ខ្លួនហើយបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នេះបើតាមមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីប្រាប់មក GRK News មុននេះបន្តិច។
សូមជម្រាបជូនថា ជនសង្ស័យទាំង៣នាក់ខាងលើ ពាក់ព័ន្ធសំណុំរឿងកាប់បំផ្លាញ់ និងដឹកជញ្ជូនព្រៃឈើក្នុងខេត្តមណ្ឌលគិរី ហើយតុលាការខេត្តមណ្ឌលគិរី បានចេញដីកាឃុំខ្លួន លោកឧកញ៉ា ស៊ឹង សំអុល និងគូកន ចំនួន៣នាក់ ដាក់ពន្ធនាគារ ។
លោកអេង ហ៊ី បានថ្លែងថា កម្លាំងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបន្ដចាប់ខ្លួនមន្ដ្រី ៣នាក់ទៀត រួមមាន មន្ដ្រីរដ្ឋបាលព្រៃឈើ២រូប និងមន្ដ្រីបរិស្ថានម្នាក់ នៅខេត្ដមណ្ឌលគិរី ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ។ ពួកគេទាំង៣នាក់ នឹងត្រូវបញ្ជូនទៅកាន់តុលាការ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ។
មន្ដ្រីអាវុធហត្ថ បានបញ្ជាក់ទៀតថា មន្ដ្រីទាំង៣រូបនេះ ជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើជាមួយក្រុមហ៊ុនប៉ាស៊ីហ្វិក ដែលក្នុងនោះក៏ជាប់ពាក់ព័ន្ធជាមួយក្រុមជនជាតិវៀតណាម ដែលត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារនោះផងដែរ។
យ៉ាងណាក៏ដោយ សម្រាប់ជនដែលពាក់ព័ន្ធផ្សេងទៀត មិនទាន់ត្រូវបានសមត្ថកិច្ចបង្ហាញឈ្មោះនៅឡើយទេ ដោយសារតែការចាប់ខ្លួនបន្ដទៀតនោះ ដោយយោងទៅតាមការឆ្លើយដាក់បន្ទុក មានសាក្សី ភស្ដុតាង និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
ចំណែក មេបញ្ជាការអាវុធហត្ថស្រុកកែវសីម៉ា លោក សាក់ សារុន ដែលជាប្អូនប្រុសបង្កើត របស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង ក៏ត្រូវតុលាការចេញដីកាតាមចាប់ខ្លួន។
លោកអេង ហ៊ី បានថ្លែងថា នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ជនសង្ស័យជាជនជាតិវៀតណាមចំនួន ០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បញ្ជូនទៅពន្ធនាគារដើម្បឃុំខ្លួនបណ្តោះអាសន្ន តាមដីការបង្គាប់ឱ្យឃុំខ្លួន របសលោក ទៀង សុថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងករណីប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។