អធិការរងស្រុកភ្នំស្រួចត្រូវផ្អាកការងារ ក្រោយបង្ក្រាបក្លឹបកម្សាន្ត «គិរីរម្យ» ព្រោះប៉ះខ្សែអ្នកធំ?
កំពង់ស្ពឺ ៖ អតីតអធិការរងនគរបាលស្រុកភ្នំស្រួច លោកអនុសេនីយ៍ឯក អ៊ឹង ឡាយឆាយ ត្រូវបានសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ពាក់ព័ន្ធបណ្តឹងរបស់ប្រជាពលរដ្ឋចោទប្រកាន់ ក្នុងករណីបង្ក្រាបក្លឹបកម្សាន្ត«គិរីរម្យ» ជាមួយគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ។
ជុំវិញរឿងរ៉ាវខាងលើនេះមហាជន បានដាក់ជាចម្ងល់ថា ការចុះធ្វើរដ្ឋបាលចំហរបស់ គណៈបញ្ជាការឯកភាពខេត្តស្រុក ចុះត្រួតពិនិត្យក្លឹបកម្សាន្ត«គិរីរម្យ» ក្រោមការដឹកនាំរបស់លោកស សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោសម សាមួន ស្នងការខេត្តអភិបាលស្រុកអាជ្ញាធរឃុំ ក្រោមការសម្របសម្រួលនីតិវិធីដោយលោកខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺនោះ ហេតុអ្វីនៅពេលមានរឿងប្តឹងផ្តល់ពីសំណាក់ថៅកែក្លឹប បែរជាមានកំហុសតែលោកអ៊ឹង ឡាយឆាយ គ្រាន់តែអធិការរងទទួលបន្ទុកជំនាញគ្រឿងញៀនតែម្នាក់ឯងទៅវិញ?
បើយោងតាមប្រកាសលេខ៦៤១០ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចការផ្អាកការងារបណ្ដោះអាសន្នចំពោះលោកអនុសេនីយ៍ឯកអ៊ឹង ឡាយឆាយ អធិការរង នៃអធិការដ្ឋានស្រុកភ្នំស្រួច។
ចំពោះមូលហេតុដែលនាំឲ្យមានការដកបញ្ឈរជើងនេះ ដោយសារមានបណ្តឹង ពីប្រជាពលរដ្ឋចោទប្រកាន់ពីបទ ៖ លួចមានស្ថានទម្ងន់ទោស, រំលោភលំនៅដ្ឋានមានស្ថានទម្ងន់ទោស, ចាប់ឃុំឃាំងនិងបង្ខាំង ដោយខុសច្បាប់មានស្ថានទម្ងន់ទោស, និងបទគំរាមកំហែង។
ដូច្នេះ លោកអ៊ឹង ឡាយឆាយ អតីតអធិការរងនគរបាលស្រុកភ្នំស្រួច ត្រូវបង្ហាញខ្លួន ជារៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ។
សូមជម្រាបជូនថា កាលពីថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២៣និង០០នាទីរំលងអធ្រាត្រ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុក បានធ្វើរដ្ឋបាលចំហក្នុងក្លឹបកម្សាន្ត«គិរីរម្យ» ស្ថិតនៅភូមិ៤ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមគោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងនគរបាល បានឆែកឆេររកឃើញថ្នាំញៀន០១កញ្ចប់តូច និងឧបករណ៍ជក់មួយចំនួនធំ ក្នុងនោះបានឃាត់ខ្លួនមនុស្ស២នាក់ តាមបញ្ជាតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។
ក្រោយពីកម្លាំងគណៈបញ្ជាការឯកភាពខេត្តនិងសមត្ថកិច្ចជំនាញរកឃើញថាទីតាំងក្លឹបកម្សាន្ត និងខារ៉ាអូខេ«គីរីរម្យ» មានពាក់ព័ន្ធបទល្មើសគ្រឿងញៀនកម្លាំងចម្រុះសម្រេចបិទអាជីវកម្មក្លឹបនេះបណ្តោះអាសន្ន ហើយកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី។
ក្លឹបឌីស្កូរដែលកម្លាំងគណៈបញ្ជាការឯកភាពខេត្តបង្ក្រាបនេះម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និង ខារ៉ាអូខេ«គិរីរម្យ» មានឈ្មោះទិត្យ ស៊ីណាត មានប្អូនប្រុសជាមន្ត្រីប៉េអិមខេត្តកំពង់ស្ពឺ និងមានសាច់ញាតិ ធ្វើការងារធំនៅក្រសួងផងដែរ។
កម្លាំងគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា «ក្រោយប្រតិបត្តិការរដ្ឋបាលជំនាញ រកឃើញវត្ថុតាងសង្ស័យមួយចំនួន ដែលទាក់ទងនឹងការផ្ដល់ទីតាំង ឲ្យមានការជួញដូរប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ទីតាំងក្លឹបឌីស្កូគីរីរម្យ ត្រូវបានអាជ្ញាធរស្រុកខេត្ដជំនាញ សម្រេចបិទផ្អាកសកម្មភាព ជាបណ្ដោះអាសន្នរង់ចាំកិច្ចស្រាវជ្រាវបន្ដ ពីព្រោះទីតាំងនេះ ជាកន្លែងផ្តល់ឲ្យប្រើប្រាស់គ្រឿងញៀន»។