ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹមរកឃើញរោងឈើនៅជិតព្រំដែន ដើម្បីដឹកឈើទៅប្រទេសវៀតណាម

123

ខេត្តមណ្ឌលគិរី៖ ក្រុមការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះត្រួតពិនិត្យរោងសន្និធិ និងច្រកព្រំដែន ជាលទ្ធផល រកឃើញថាមានជនជាតិវៀតណាមម្នាក់ ឈ្មោះ ប៊ីញ ជាយោធា វៀតណាម ថ្នាក់វរសេនីយ៍ទោ បានផ្តល់លុយឲ្យឈ្មោះ សួន គឹមហេង ម្ចាស់រោងសន្និធិ និងជនជាតិវៀតណាមម្នាក់ឈ្មោះ វ៉ាង ដើម្បីបង្កើតរោងសន្និធិនៅជិតព្រំដែន ដើម្បីដឹកឈើទៅប្រទេសវៀតណាម និងបានកក់លុយឲ្យក្រុមហ៊ុនថាច់វូដ ៥ម៉ឺនដុល្លារ ដើម្បីឲ្យក្រុមហ៊ុនប្រមូលឈើផ្គត់ផ្គង់ឲ្យដេប៉ូខ្លួន។

លោកអេង ហ៊ី បានថ្លែងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះត្រួតពិនិត្យរោងសន្និធិ និងច្រកព្រំដែន ជាលទ្ធផល បានត្រួតពិនិត្យច្រកឡាប៉ាខេ និងច្រកដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី មានសភាពស្ងប់ស្ងាត់ បានត្រួតពិនិត្យរោងសន្និធិចំនួន២កន្លែង ។

១- រោងសន្និធិស្ថិតនៅក្នុងស្រុកកែវសីមា ចំងាយពីព្រំដែន ច្រកឡាប៉ាខេ ប្រហែល៣គីឡូម៉ែត្រ រោងសន្និធិនេះ មានច្បាប់អនុញ្ញាត ប៉ុន្តែមិនទាន់ដំណើរការទេ។
២- រោងសន្និធិ សួន គឹមហេង នៅក្នុងស្រុកកែវសីមា ចំងាយពីច្រកឡាប៉ាខេ ប្រហែលជាង៧គីឡូម៉ែត្រ មានស្តុកឈើចំនួន ៩៨ម៉ែត្រត្រីគុណ ដែលឈើនេះជំនាញរដ្ឋបាលព្រៃឈើបានចុះពិនិត្យឃើញឈើល្មើសលើសចំនួន ៦២ម៉ែត្រត្រីគុណ ប៉ុន្តែប្រភពឈើដឹកពីក្រុមហ៊ុនថាច់វូដ ដែលក្រុមហ៊ុននេះបានប្រមូលកាប់ពីដែនខាងក្រៅអូសចូលក្រុមហ៊ុន ហេតុនេះក្រុមការងារសន្មតថាឈើទាំង ៩៨ម៉ែត្រត្រីគុណនេះខុសច្បាប់ទាំងអស់។ នៅរោងសន្និធិមិនមានម្ចាស់ ប៉ុន្តែមានបុរស១នាក់ បានអះអាងថាជាតំណាងក្រុមហ៊ុន ឈ្មោះ ធឿន កើត បានយកឯកសារ និងបំភ្លឺជូនសមត្ថកិច្ចថា មានជនជាតិវៀតណាមម្នាក់ ឈ្មោះ ប៊ីញ ជាយោធា វៀតណាម ថ្នាក់វរសេនីយ៍ទោ
បានផ្តល់លុយឲ្យឈ្មោះ សួន គឹមហេង ម្ចាស់រោងសន្និធិ និងជនជាតិវៀតណាមម្នាក់ឈ្មោះ វ៉ាង ដើម្បីបង្កើតរោងសន្និធិនៅជិតព្រំដែន ដើម្បីដឹកឈើទៅប្រទេសវៀតណាម និងបានកក់លុយឲ្យក្រុមហ៊ុនថាច់វូដ ៥ម៉ឺនដុល្លារ ដើម្បីឲ្យក្រុមហ៊ុនប្រមូលឈើផ្គត់ផ្គង់ឲ្យដេប៉ូខ្លួន៕

អត្ថបទដែលជាប់ទាក់ទង