ជនជាតិនីហ្សេរីយ៉ា៣នាក់ ជួញដូរសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន ២១គីឡូក្រាម
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងបញ្ជាផ្ទាល់និងមានការសម្របសម្រួលពី លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ា៣នាក់ និងដកហូតថ្នាំញៀនជាង២០គីឡូក្រាម។ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចក្នុងផ្ទះសំណាក់យីហោ តូនី ផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សងា្កត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអធិការបន្តថា ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០៣នាក់៖ទី១-ឈ្មោះ ម៉ាឌូកា ចនអេសឈីប៊ូឌូ ហៅ MADUKAJONASCHIBU DO ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ នីហ្សរីយ៉ា មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សងា្កត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ទី២-ឈ្មោះ អ៊ូប៊ីស៊ីស៊ីកោឌីណាកាឈីម័ររៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិនីហ្សរីយ៉ា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សងា្កត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៣-ឈ្មោះ DAVIS CANKWDO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិនីហ្សរីយ៉ា មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន ២១កញ្ចប់ថង់ប្លាស្ទីចពណ៌លឿង, លិខិតឆ្លងដែនចំនួន០៣ក្បាល, សាក់កាដូ (កាបូបស្ពាយ) ចំនួន០២ (ពណ៌ខ្មៅ០១,ពណ៌ខៀវ០១),ទូរស័ព្ទដៃចំនួន០៤គ្រឿង (SAMSUNG S8+ ពណ៌ខ្មៅចំនួន០១,NOKIA ចុចពិលពណ៌ខ្មៅចំនួន០១,NOKIA 3310 ពណ៌សចំនួន០១,SAMSUNG J7 ពណ៌ទឹក មាសចំនួន០១), ឯកសារមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ សមត្ថកិច្ចយកមក សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕