កម្ពុជាប្រារព្វសប្តាហ៍ពិភពលោក បំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា ឆ្នាំ២០១៩
ភ្នំពេញ៖ ក្រសួងសុខាភិបាលសហការជាមួយ សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា
និងទីភ្នាក់ងារអង្គការសហប្រជាជាតិ សូមប្រកាស អំពីការប្រារព្វសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា
ឆ្នាំ២០១៩ ក្រោមប្រធានបទ យើងទាំងអស់គ្នា គាំទ្រការបំបៅកូនដោយទឹកដោះម្តាយ។
ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ថា
សប្តាហ៍ពិភពលោកបំបៅកូន
ដោយទឹកដោះម្តាយត្រូវបានប្រារព្ធ នៅក្នុងប្រទេសជាង១២០ នៅជុំវិញពិភពលោក ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់
នៃការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភ និងអត្រាស្លាប់របស់កុមារ។
| សប្ដាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ត្រូវបានប្រារព្ធធ្វើឡើងជាសកលចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែសីហា
ដោយឡែកនៅប្រទេសកម្ពុជាយើងនឹងប្រារព្ធចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែសីហា រៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍ថ្នាក់ជាតិនា
ឆ្នាំនេះនឹងប្រព្រឹត្តទៅនៅទីធ្លាហាត់ប្រាណមាត់ស្ទឹងក្បែរសណ្ឋាគាហ្គន (Grand Hotel) ក្នុងទីរួមខេត្ត សៀមរាបនៅថ្ងៃទី៣០
ខែកក្កដា ឆ្នាំ២០១៩ ដោយចាប់ផ្តើមពីម៉ោង ៨:00ព្រឹក ដើម្បីអបអរសាទរជាផ្លូវការ នូវការប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ។
ចាប់តាំងពីឆ្នាំ២០០១មក កម្មវិធីជាតិអាហារូបត្ថម្ភរបស់ក្រសួងសុខាភិបាល បានដឹកនាំការប្រារព្ធសប្តាហ៍ពិភពលោក
បំបៅកូនដោយទឹកដោះម្តាយរៀងរាល់ឆ្នាំ ដែលធ្វើឱ្យអត្រាបំបៅកូន ដោយទឹកដោះម្តាយក្នុងចំណោមទារក ដែលមានអាយុ
ក្រោម៦ខែ បានកើនឡើងយ៉ាងខ្លាំងក្នុងចន្លោះឆ្នាំ២០០០ ដល់ ២០១០ គឺកើនពី១១% ដល់៧៤%។ ចាប់ពីពេលនោះមក
ការប្រារព្វសប្តាហ៍ពីភពលោកបំបៅកូនដោយទឹកដោះម្តាយ ក៏ត្រូវបានបញ្ឈប់នៅឆ្នាំ២០១០ ដោយសារការសន្មតថា មានការ
យល់ដឹងយ៉ាងច្រើន ក្នុងចំណោមសាធារណជនអំពីការអនុវត្តបំបៅកូនដោយទឹកដោះម្តាយ (CDHS 2000 និង2010)។
ដោយឡែកក្នុងឆ្នាំ២០១៤ លទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពបានបង្ហាញឱ្យឃើញថា អត្រានៃការបំបៅកូន
ដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីកើតរហូតដល់អាយុ៦ខែ បានថយចុះចំនួន ៩% (ចុះពី ៧៤% ដល់៦៥%) វិញ
ដោយសារតែមានការកើនឡើង នូវការប្រើប្រាស់ផលិតផលទឹកដោះគោម្សៅផ្សំតាមរូបមន្ត និងអាហារសម្រាប់កុមារតូច ហើយ
ជាលទ្ធផលពិធីនេះក៏ត្រូវបានប្រារព្ធឡើងវិញជាថ្មីក្នុងឆ្នាំ២០១៥។
ការអនុវត្តបំបៅកូនដោយទឹកដោះម្តាយ អាចបង្ការការស្លាប់របស់កុមារទូទាំងពិភពលោកចំនួន៨២៣.០០០នាក់
ជារៀងរាល់ឆ្នាំ។ ភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ច្បាស់ថា ការបំបៅកូនដោយទឹកដោះម្តាយភ្លាម ក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល
អាចទប់ស្កាត់មរណភាពទារកបានប្រហែល២០% កុមារដែលបានទទួលការ បំបៅដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់
រយៈពេល៦ខែដំបូងអាចកាត់បន្ថយជំងឺរាករូសបាន១១ដង និងជំងឺរលាកសួតបាន១៥ដង បើប្រៀបធៀបជាមួយកុមារដែល
មិនបានទទួលការបំបៅដោយទឹកដោះម្តាយ។ កុមារដែលមិនបានបំបៅដោយទឹកដោះម្តាយ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍ ខួរក្បាលសតិបញ្ញាស្មារតី និងមានទំហំខួរក្បាលតូចជាងកុមារ ដែលបានបំបៅដោយទឹកដោះម្តាយ។ មិនតែប៉ុណ្ណោះពួកគេ
បាត់បង់ភាពវៃឆ្លាត ឬIQ ចំនួន 2.6 ពិន្ទបើប្រៀបធៀបនឹងកុមារទទួល បានការបំបៅទឹកដោះម្តាយពេញលេញ។
ក្រសួងសុខាភិបាលរួមជាមួយដៃគូអភិវឌ្ឍសុខភាព និងភាគីពាក់ព័ន្ធ សូមអំពាវនាវឱ្យមានការចូលរួមសម្ពស់
និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការបំបៅកូនដោយទឹកដោះម្តាយ ក្នុងម៉ោងដំបូង និងតែមួយមុខគត់ ចាប់ពីកើតរហូតដល់អាយុ៦ខែ រួចបន្តការបំបៅរហូតដល់អាយុ២ឆ្នាំ ឬលើស។ ហើយក៏សូមសំណូមពរ ឱ្យបន្តប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះ ម្ដាយជាប់ជាប្រចាំ ជារៀងរាល់ឆ្នាំក្នុងន័យក្រើនរំលឹក ដល់សហគមន៍ពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីធ្វើ
ឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភ និងការរស់រានមានជីវិតរបស់កុមារ៕