រថយន្តដឹកកម្មករ ក្រឡាប់ស្លាប់ ២នាក់ របួស ធ្ងន់ ស្រាល ៣៣នាក់ នៅស្វាយរៀង
ស្វាយរៀង៖ មានករណីគ្រោះចរាចរ ដោយរថយន្តដឹកកម្មករ កម្មការិនី បើកវ៉ាជែងម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យ ក្រឡាប់ ជះកម្មករចេញពីរថយន្ត ស្លាប់ ២នាក់ និង រងរបួស ស្រាល ធ្ងន់ ៣៣នាក់ នៅវេលាម៉ោង៧:១០នាទី ព្រឹកថ្ងៃទី៣០ កក្កដា ២០១៩នេះ ស្ថិតនៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
មុនពេលកើតហេតុ ក្រុមកម្មករ-កម្មការិនីធ្វើដំណើរទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស សាន តុង ដោយរថយន្តកូរ៉េ១គ្រឿង ពេលមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបររថយន្តបានបើកវ៉ាម៉ូតូមួយគ្រឿងនៅក្នុងល្បឿនលឿន ហើយគ្រប់គ្រងល្បឿនលែងបានក៏រេចង្កូត បណ្ដាលឲ្យក្រឡាប់តែម្ដង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងបន្តថា អ្នកបើកបររថយន្តកូរ៉េខាងលើទើបតែចេះបើកបរមិនទាន់ស្ទាត់នោះទេ ហើយការដឹកជញ្ជូនកម្មករ-កម្មការិនីនៅព្រឹកថ្ងៃនេះ គឺទើបតែជាលើកដំបូងប៉ុណ្ណោះ។
បន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរខាងលើ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ជីភូ ១៩នាក់ ក្រៅពីនោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ជនរងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់ ឈ្មោះ រ៉ន ស្រីអូន ភេទស្រី បម្រើការងារនៅរោងចក្រ យូលី ២- គង់ ចន្ធី ភេទប្រុស បម្រើការងារនៅរោងចក្រ យូលី៕