រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន រតនៈសម្បត្តិ បើកលឿនពេលមេឃភ្លៀង ក្រឡាប់របួសធ្ងន់ស្រាល ៤នាក់
មណ្ឌលគិរី៖ ក្នុងចំណោមមនុស្ស១៣នាក់ យ៉ាងហោចក៏មានមនុស្សប្រុស-ស្រី៤នាក់ ត្រូវបានរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរ ក្រឡាប់រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន រតនៈសម្បត្តិ នៅវេលាម៉ោង៤ :៤៥នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅនៅលើផ្លូវជាតិលេខ៧៦ចន្លោះគីឡូម៉ែត្រ129-130 ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
នាយការិយាល័យចរាចរណ៍ខេត្តមណ្ឌលគិរី លោក យឹម ចិន្តា បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរ១ករណី បានកើតឡើង គឺរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនរតនៈសម្បត្តិក្រឡាប់ខ្លួនឯង បណ្តាលមកពីអាកាសធាតុមេឃភ្លៀងហើយនិងចុះអ័ព្វ ក្នុងនោះមានមនុស្សជិះចំនួន១៣នាក់ រងបួស៤នាក់ និងខូចប្រឡាយទឹកបណ្ដោះទឹកប្រវែង៣០ម៉ែត បាក់បង្គោលស្លាកសញ្ញាអស់២ដើម។ អ្នកបើកបរថយន្តឈ្មោះ ឈុន ចំរើន ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរបើកបររថយន្តឲ្យក្រុមហ៊ុនរតនៈសម្បត្តិ រស់នៅភូមិរណេល ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប (គេចខ្លួនបាត់) កម្លាំងជំនាញកំពុងស្រាវជ្រាវ។ អ្នករបួសរួមមានឈ្មោះ ឆេង គឹមស្រន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកេត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរនគិរី រងរបួសបែកក្បាលជង្គុង់ទាំង២ ហើយចុកដើមទ្រូង និងរលាត់ដៃជើង របួសស្រាល។ ឈ្មោះងន សាងហ៊ីម ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ រងរបួសចាស់កន្លែងបាក់ភ្លៅឆ្វេងហើម របួសស្រាល។ ឈ្មោះ ស្រែង គឹមសាន ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុក រស់នៅភូមិឃុំជាមួយគ្នាខាងលើ។ បច្ចុប្បន្នជនរងគ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ចំណែករថយន្តត្រូវបានកម្លាំងជំនាញយកមករក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕