ពិន័យ៣ចំណុច ចំនួន១០៣៧.៥លានរៀល ចូលជាថវិកាជាតិដល់ក្រុមហ៊ុនខ្មែរ ជុងយៀន នាំចូលកាកសំណល់ប្លាស្ទីកមកកម្ពុជា
ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន នៅវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីបង្ហាញពីលទ្ធផលនៃ ការស្រាវជ្រាវពាក់ព័ន្ធជាមួយការនាំចូលសំរាមពីបរទេស មកប្រទេសកម្ពុជា ដែលត្រូវសមត្ថកិច្ចបង្ក្រាបបានចំនួន៨៣កុងតឺន័រ នៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ពិន័យ៣ចំណុចដល់ក្រុមហ៊ុន ជុងយៀន ប្លាស្ទីក មេនូហ្វេកឈ័រ ឯក. ដែលបាននាំចូលកាកសំណល់ប្លាស្ទីក ចំនួន៨៣កុងតឺន័រ មកកាន់ប្រទេសកម្ពុជា។ នេះបើតាមការប្រកាសរួមរបស់ក្រសួងបរិស្ថាន និងអគ្គនាយកគយ និងរដ្ឋាករកម្ពុជា។
បើតាមការប្រកាសរួមនេះ គឺការដាក់បន្ទុកទាំង៣ចំណុច រួមមាន៖
១៖ ឱ្យក្រុមហ៊ុនជុងយៀន ប្លាស្ទីក មេនូហ្វេកឈ័រ ឯក. នាំសំរាមទាំងនោះទៅប្រទេសដើមវិញ
២៖ ពិន័យប្រាក់ ១០៣៧.៥លានរៀល ចូលជាថវិកាជាតិ
៣៖ ក្រុមហ៊ុនខាងលើនេះ ត្រូវអនុវត្តឱ្យចប់សព្វគ្រប់ ២៤ សីហា ជាកំហិត
ក្នុងករណីក្រុមហ៊ុនមិនអនុវត្តន៍តាមការកំណត់ទាំង៣ខាងលើនេះទេ រាជរដ្ឋាភិបាល នឹងចាត់វិធានការតាមច្បាប់ចំពោះក្រុមហ៊ុនផងដែរ។ សំរាមទាំងនេះនាំចូលដោយ ក្រុមហ៊ុន ជុងយៀន ប្លាស្ទីក មេនូហ្វេកឈ័រ ឯក. ដែលមានថៅកែជនជាតិខ្មែរ មានឈ្មោះ សួន ឡុក។
សូមបញ្ជាក់ថា កុងតឺន័រចំនួន៨៣ទូ មានទម្ងន់ជិត១៦០០តោន ដែលមានផ្ទុកកាកសំណល់សំរាមពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចូលកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការ ឆែកឆេរកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។
ទំនិញជាកាកសំណល់ប្លាស្ទីកបាននាំមកជាច្រើនជើងនាវាដឹកជញ្ជូន (២៧ លើក) មកដល់ និងសំចតនៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលលើកទី១ នាខែកញ្ញា ឆ្នាំ ២០១៨និងលើកចុងក្រោយ នាខែមករា ឆ្នាំ២០១៩ សរុបទាំងអស់ចំនួន ៨៣ កុងតឺន័រ មានទំហំ ៤០ ហ្វីតដូចគ្នា។
តាមឯកសារដឹកជញ្ជូនបានរកឃើញថា មានកុងតឺន័រចំនួន ៧០ (មានទម្ងន់១៣២២ តោន) បាននាំចេញមកពីសហរដ្ឋអាមេរិក និងកុងតឺន័រចំនួន ១៣ (មានទម្ងន់២៧០ តោន) បាននាំចេញមកពីប្រទេសកាណាដា។ ឯកសារដឹកជញ្ជូនក៏បានបញ្ជាក់ផងដែរថា មុននឹងមកដល់កម្ពុជា កុងតឺន័រទាំង ៨៣ នោះបានឆ្លងកាត់កំពង់ផែប្រទេសសិង្ហបុរី(២២ ជើង) ម៉ាឡេស៊ី (២ ជើង) និង វៀតណាម(៣ ជើង)។
តាមការត្រួតពិនិត្យដោយឧបករណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងដោយឧបករណ៍ មន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ទំនិញជាកាកសំណល់ប្លាស្ទីកនោះ មិនមានផ្ទុកសារធាតុគ្រោះថ្នាក់ផ្សេងឡើយ៕