ខ្សែក្រវាត់ខារ៉ាបាវសុខសាវិនឬផេតង៉ាម
ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៣.៥០គីឡូក្រាមលើ សង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៤ សីហានេះបានឈានដល់ការប្រកួតផ្ដាច់ព្រ័ត្រហើយ។
អ្នកប្រដាល់កម្ពុជាសុខសាវិនក្លិបឆ្មាសសែនសុខត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃផេតង៉ាម(Phat Ngam) ដែលជាអ្នកប្រដាល់ជើងខ្លាំងមួយរូបមិនស្រួលបង្ក្រាបឡើយ។ ក្នុងព្រឹត្តិការណ៍នេះអ្នកប្រដាល់ទើង២រូបនេះធ្លាប់ ប្រកួតគ្នាម្ដងហើយដែលកាលនោះសាវិនចាញ់អ្នកប្រដាល់ថៃរូបនេះដោយពិន្ទុ។សម្រាប់វគ្គផ្ដាច់ព្រ័ត្រនេះអ្វីៗនឹង អាចមានការប្រែប្រួលតែប្រវត្តិសាស្រ្តក៍អាចនៅច្រំដែលដែរ។
សាវិនជាអ្នកប្រដាល់ដែលមានចិត្តធំវ៉ៃមិនរំលោភkគូប្រកួតតែប្រសិនបើមានឧកាសអាចស៊ីបានគេនឹងស៊ីភ្លាម។ សាវិនមានប្រវត្តិប្រកួតចំនួន១០៩ដងឈ្នះ៧៤ដងចាញ់២៩ដងនិងស្មើពិន្ទុ៦ដង។
ចំពោះអ្នកប្រដាល់ថៃផេតង៉ាមវិញគេក៍ជាជើងខ្លាំងមួយរូបដែរ។ របៀបវ៉ៃរបស់អ្នកប្រដាល់រូបនេះមិនអន់ជាងសាវិនឡើយ។ កែងស្នៀតទាត់កែងនិងជង្គង់របស់គេមិនស្រួលទប់ទល់នោះទេ។ គេមានប្រវត្តិប្រកួតចំនួន៨៨ដងឈ្នះ៧២ដងចាញ់១៥ដងនិងស្មើពិន្ទុ២ដង។
ការប្រកួតផ្ដាច់ព្រ័ត្រនេះអ្នកឈ្នះនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានរង្វាន់អមចំនួន៤,០០០ដុល្លារចំពោះអ្នកចា្់បានត្រឹមពានដែលមានរង្វាន់អម២៥០០ដុល្លារ។នរណាក្លាយជាម្ចាស់ខ្សែក្រវាត់?
ចំពោះជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះ អ្នកប្រដាល់កម្ពុជាចាន់សំអាតក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ជួបជាមួយអ្នកប្រដាល់ថៃដែនសាយ៉ាម(Den Sayam)។
អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។នេះក៍ជាជំនួបសំខាន់ សម្រាប់ពួកគេទាំង២រូបដែរ ព្រោះអ្នកឈ្នះនឹងបានទទួលរង្វាន់ចំនួន១៥០០ដុល្លារចំពោះអ្នកចាញ់ក៍បានទទួល រង្វាន់លួងចិត្តចំនួន១០០០ដុល្លារដែរ។
សំអាតដែលត្រូវគេប្រសិទ្ធិនាមថាខ្លាកំណាចលើភ្នំដងរែកនោះមានការខកចិត្តយ៉ាងខ្លាំងចំពោះការចាញ់ របស់គេនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ចំពោះដែនសាយ៉ាមវិញគេចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយ អស់ចិត្តហើយព្រោះគេតករូវសាវិនវាយឲ្យសន្លប់នៅទឹកទី១។កាលជំនួបនៅវគ្គសន្សំពិន្ទុសំអាតចាញ់សាយ៉ាម ដោយពិន្ទុតែការប្រកួតចុងក្រោយនេះមិនទាន់ប្រាកដថាដែនសាយ៉ាមជួបសំណាងល្អទៀតនោះឡើយ។
សំអាតដែលមានប្រវត្តិប្រកួតចំនួន៨២ដងឈ្នះ៦១ដងចាញ់១៨ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់១៧ដងនោះអាចដណ្ដើមចំណាត់ថ្នាក់លេខ៣បានឬទេ? xដោយ៖កូនដូច