អាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធ ជួយចាត់វិធានការសម្អាតការដ្ឋានសំណង់កុំឲ្យមានទឹកដក់ និងសម្បកកង់ឡានឬម៉ូតូ ដែលទុកចោល ដើម្បីកុំឲ្យមានកន្លែងទឹកដក់ដែលជាជម្រកមូសខ្លា
ភ្នំពេញ៖ ការលុបបំបាត់ជម្រកដង្កូវទឹកមូសខ្លា គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម គឺជាកិច្ចអន្តរាគមន៍ដ៏ សំខាន់បំផុតដែលយើងទាំងអស់គ្នាត្រូវអនុវត្តន៍ ដើម្បីបញ្ចប់ជំងឺគ្រុនឈាម ព្រោះមូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដ៏សាហាវ បើមិនមានការការពារ និងព្យាបាលបានត្រឹមត្រូវទាន់ពេលវេលា នឹងអាចសម្លាប់ជីវិតរបស់ប្រជាពលរដ្ឋយើង។ នេះបើតាមការផ្សាយរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត។
ការថ្លែងបែបនេះរបស់លោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតីប្រារព្ធទិវាប្រយុទ្ធនឹងជំងឺគ្រុនឈាម នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រោមប្រធានបទ “បញ្ចប់ជំងឺគ្រុឈាម ផ្តើមចេញពីខ្ញុំ” នៅក្នុងសាលាបឋមសិក្សាសែនសុខ ភូមិសែនសុខទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចង្អុលបង្ហាញដល់គ្រប់ខេត្ត-រាជធានី អនុវត្តន៍កិច្ចអន្តរាគមន៍ជាបន្ទាន់ ហើយកំពុងបន្ដការងារជាបន្តបន្ទាប់រហូតមកដល់ពេលនេះយ៉ាងហ្មត់ចត់ព្រមទាំងមានការយកចិត្តទុកដាក់ ពីកម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម អនុគណៈកម្មការគ្លីនិក មន្ទីរសុខាភិបាលខេត្ត-រាជធានី រួមទាំងកិច្ចគាំទ្រពីគណៈអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាននិងដៃគូរពាក់ព័ន្ធ ជាពិសេស កាកបាទក្រហមកម្ពុជា ក្នុងការដាក់ថ្នាំសម្លាប់ដង្កូវទឹកនិងថ្នាំការពារកុំឲ្យកើតដង្កូវទឹកក្នុងអាង ឬពាងទឹក នៅក្នុងតំបន់ដែលប្រឈមខ្ពស់នឹងជំងឺគ្រុនឈាម។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ននេះ ជំងឺគ្រុនឈាមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបាន។ ករណីឈឺកំពុងធ្លាក់ចុះជាបន្តបន្ទាប់ពីចំនួន៤៧៦៩ករណី ក្នុងសប្តាហ៍ ទី២ខែកក្កដា មកចំនួន៣៩៣៣ករណី ក្នុងសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០១៩ ហើយតាមការប៉ាន់ប្រមាណទុកករណីជំងឺគ្រុនឈាម នឹងបន្តចុះនៅពេលខាងមុខនេះទៀត។ អត្រាស្លាប់មានចំនួន០,១% ដែល បង្ហាញថា សមត្ថភាពគ្រូពេទ្យរដ្ឋក្នុងការជួយពិនិត្យ និងព្យាបាល អ្នកជំងឺគ្រុនឈាម មានប្រសិទ្ធភាពខ្ពស់ ហើយជាអត្រាមួយដែលស្ទើរតែទាបជាងគេបំផុត ក្នុងបណ្តាប្រទេសជាច្រើនក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។ ស្ទើរតែគ្រប់ខេត្តជំងឺគ្រុនឈាមបានធ្លាក់ចុះជាបន្តបន្ទាប់ នៅសល់តែខេត្តក្រចេះ ដែលនៅមានការកើនឡើងបន្តិចបន្តួច និងខេត្តចំនួន៥ (រាជធានីភ្នំពេញ ព្រះវិហារ កណ្តាល កំពង់ចាម ត្បូងឃ្មុំ) ដែលនៅហ្នឹងឬចុះតិចតួច។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបន្ថែមថា “ដើម្បីឲ្យជំងឺគ្រុនឈាមកាន់តែបន្តចុះច្រើនថែមទៀត តាងនាមឱ្យក្រសួងសុខាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស មាតាបិតា អាណាព្យាបាល កុមារា កុមារី ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ធ្វើការសម្អាតបរិស្ថាន លំនៅដ្ឋានរបស់ខ្លួន កុំឱ្យមានវត្ថុដក់ទឹកមិនប្រើប្រាស់ទុកចោលពាសវាលពាសកាល ជាពិសេស ចំពោះសម្បកយានយន្តដែលមិនប្រើ ត្រូវរក្សាទុកដាក់ឲ្យបានត្រឹមត្រូវចៀសវាងទឹកដក់ ឬត្រូវដាក់អំបិលចូល២-៣ស្លាបព្រាបាយ ឬចាក់ប្រេងម៉ាស៊ីនចូល ឬទុកដាក់គលើគ្នាគ្របស្បៃមុង ឬគ្របក្តាឲ្យជិតជាដើម។ ឯការដ្ឋានសំណង់ ត្រូវធ្វើយ៉ាងណាកុំឲ្យមានទឹកដក់នៅគ្រប់ទីកន្លែង។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមចំណាត់ការតាមការអំពាវនាវដូចខាងលើ យើងទាំងអស់គ្នា នឹងទទួលបានផលលឿនបំផុតក្នុងការទម្លាក់ជំងឺគ្រុនឈាមឲ្យចុះមកទាបបំផុត ព្រោះថាមានតែបុគ្គលគ្រប់រូបនិង សហគមន៍ទេ ដែលត្រូវចូលរួមធ្វើជាជនគំរូ កុំឲ្យមានដង្កូវទឹកក្នុងផ្ទះ ឬមូលដ្ឋានរបស់យើង គ្មានមូសខ្លា ហើយនឹងគ្មានគ្រុនឈាម ទើបបញ្ចប់ជំងឺគ្រុនឈាមបាន។ ម៉្យាងវិញទៀតសូមមាតាបិតាអាណាព្យាបាល មេត្តាឆាប់បញ្ជូនកូនចៅដែលសង្ស័យមានជំងឺគ្រុនឈាមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពជាបន្ទាន់ចៀសវាងការព្យាបាលនៅផ្ទះ ឬសេវាឯកជនដែលគ្មានជំនាញពិតប្រាកដនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត”។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបន្ដថា ដើម្បីទប់ស្កាត់ និងគ្រប់គ្រងហានិភ័យបណ្តាលមកពីការរាតត្បាតជំងឺគ្រុនឈាមជាបន្តទៀតឲ្យបានទាន់ពេលវេលា លោកសាស្រ្តាចារ្យ បានសំណូមពរដល់ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលបានអញ្ជើញមកពីក្រសួងស្ថាប័នផ្សេងៗចូលរួមក្នុងទិវាប្រយុទ្ធនឹងជំងឺគ្រុនឈាមនេះ បន្តចូលរួមសហការឲ្យបានកាន់តែទូលំទូលាយជាមួយក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាលទូទាំង២៥ រាជធានី-ខេត្ត បង្កើនសកម្មភាពផ្សព្វផ្សាយ អប់រំសុខភាព តាមរយៈប្រព័ន្ធផ្សព្វផ្សាយ (ទូរទស្សន៍-វិទ្យុ-សារព័ត៌មាន-អប់រំតាមសហគមន៍ សាលារៀន ទីវត្តអារ៉ាម និងអប់រំចល័ត)ស្តីពីវិធានការបង្ការជំងឺគ្រុនឈាម ពិសេស អាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធ សូមជួយចាត់វិធានការសម្អាតការដ្ឋានសំណង់កុំឲ្យមានទឹកដក់ និងសម្បកកង់ឡានឬម៉ូតូ ដែលទុកចោលពាសវាលពាសកាល ដើម្បីកុំឲ្យមានកន្លែងទឹកដក់ដែលជាជម្រកមូសខ្លា ៕