ឃុំខ្លួនមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ៣នាក់ ពីបទ សម្អាតប្រាក់ និងបទ វីតិក្រម និង បទរំលោភអំណាច
ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការសួរចម្លើយ លោក លិ សុខា ចៅក្រមស៊ើបសួរ នៃសាលាដមំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនប្រធាន, អនុប្រធាន និងមន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តពោធិ៍សាត់ នៅពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោកព្រះរាជអាជ្ញារង គុជ គឹមឡុង បានសម្រេចចោទប្រកាន់លើឈ្មោះ លៀ ប៊ុនរឿម ជាប្រធានមន្ទីរនិង ឈ្មោះ ជាង វុទ្ធី ជាអនុប្រធានមន្ទីរទទួលបន្ទុកការងារ សំណង់ និងឈ្មោះ តែ ប៊ុនថេ ង ជាមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ពីបទ សម្អាតប្រាក់ បទ វីតិក្រម និង បទរំលោភអំណាច យោងតាមមាត្រា ៤០៤ មាត្រា ៥៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ។
សូមជម្រាបជូនថា ជនត្រូវចោទទាំង ៣នាក់ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ លោកឱម យ៉ិនទៀង ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ដោយសារតែពួកគេនាំគ្នាទាមទារ ថ្លៃសេវា១០ម៉ឺនដុល្លារពីថៅកែក្រុមហ៊ុនម្នាក់ ក្នុងការសាងសង់រោងចក្រក្នុងខេត្តពោធិ៍សាត់ ៕