ការឃាត់ខ្លួនលោក ម៉ៃ ហុងស្រៀ គឺមកពីសកម្មជនអតីតបក្សប្រឆាំងនេះ ធ្វើសកម្មភាពប្រមាថថ្នាក់ដឹកនាំកម្ពុជា
បើតាមប្រសាសន៍របស់ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោក ជា ពៅ ថា ការឃាត់ខ្លួនលោក ម៉ៃ ហុងស្រៀង នេះគឺធ្វើឡើងក្រោយពីជនសង្ស័យរូបនេះវិលត្រឡប់ពីប្រទេសថៃវិញ ហើយការឃាត់ខ្លួននេះ គឺមកពីសកម្មជនអតីតបក្សប្រឆាំងនេះ ធ្វើសកម្មភាពប្រមាថថ្នាក់ដឹកនាំកម្ពុជានៅ លើបណ្ដាញសង្គម Facebook តាមរយៈការកាត់រូបភាពផ្សេងៗ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣០ ខែកក្កដា គណបក្សសង្គ្រោះជាតិ បានលើកឡើងថា លោក ម៉ៃ ហុងស្រៀង គឺជាសកម្មជននយោបាយទី១៤ហើយ ដែលត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ និងឃុំខ្លួនដោយខុសច្បាប់ ចាប់តាំងពីដើមឆ្នាំ២០១៩កន្លងមកនេះ។
អតីតបក្សប្រឆាំងនេះក៏បានទាមទារឱ្យអាជ្ញាធរដោះលែងលោក ម៉ៃ ហុងស្រៀង និងសកម្មជននយោបាយដទៃជាបន្ទាន់
អ្នកស្រី គា ស៊ីសុគន្ធី ប្រាប់ថា ស្វាមីរបស់អ្នកស្រី បានរត់គេចខ្លួនចេញពីផ្ទះច្រើនខែហើយ តាំងពីទទួលបានដំណឹងពីមិត្តិភក្ដិធ្វើការនៅក្រសួងមហាផ្ទៃ ប្រាប់ឱ្យគេចខ្លួន ព្រោះខាងប៉ូលិសមានបញ្ជាសម្ងាត់ឱ្យចាប់ខ្លួន។ អ្នកស្រីបន្តថា នៅយប់ថ្ងៃទី២៩ កក្កដា ប៉ូលិសខេត្តព្រះសីហនុ បានដឹងតម្រុយ និងឡោមព័ទ្ធផ្ទះរបស់សាច់ញាតិលោក ម៉ៃ ហុងស្រៀង ទាំងកណ្ដាលយប់ ខណៈលោក ម៉ៃ ហុងស្រៀង កំពុងស្នាក់នៅស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់។ នៅម៉ោងជាង ២ទាបភ្លឺ លោក ម៉ៃ ហុងស្រៀង បានផ្លោះរបង រត់គេចចេញពីផ្ទះសាច់ញាតិទាំងកណ្ដាលអាធ្រាត្រ ហើយធ្វើដំណើរឡើងមកភ្នំពេញ ក្នុងបំណងភៀសខ្លួនទៅប្រទេសថៃមួយរយៈ។
ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងរូបនេះឱ្យដឹងទៀតថា ប៉ូលិសបានចាប់ខ្លួនប្ដីអ្នកស្រី នៅរាជធានីភ្នំពេញ នៅម៉ោងជាង ៨យប់ ថ្ងៃទី៣០ កក្កដា នៅពេលប្ដីអ្នកស្រីចុះពីលើឡាន ទិញស៊ីមកាតទូរស័ព្ទ៕