ម្ចាស់ហ្វេសប៊ុក ឈ្មោះ យមរាជ លោកីយ៍ ជាអតីតអាវុធហត្ថ បង្ហោះរឿងមិនពិត ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួន
កំពង់ធំ៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ យមរាជ លោកីយ៍ ដែលបានបង្ហោះឃ្លីបវិដេអូ រឿងបង្រ្កាបគ្រឿងញៀនជិត២០០គីឡូក្រាម ដែលជារឿងមិនពិត ប៉ះពាល់ដល់កិត្តិយសកងកម្លាំងអាវុធហត្ថត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួននៅខេត្តកំពង់ធំ ។នេះបើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានប្រាប់នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មាន ជ្រាបអំពីការ live វីដេអូក្នុងអាខោនហ្វេសប៊ុកឈ្មោះ យមរាជ លោកីយ៍ ដែលជាព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក៏បានទុកឱកាសឱ្យបុគ្គលឈ្មោះ សន សំនៀង កែខ្លួនបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតតទៅទៀត។
សូមជម្រាបថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មានថា ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម ហ្វេសប៊ុកគណនីឈ្មោះ យមរាជ លោកកីយ៍ និងការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានមួយចំនួនតូច ដែលជាព័ត៌មានមិនពិតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងកំឡុងរយៈពេលប៉ុន្មានថ្ងៃនេះ មានគណនីមួយ ឈ្មោះ យមរាជ លោកកីយ៍ ហើយអ្នកដែលនិយាយ ឡាយ នោះឈ្មោះ សន សំនៀង អតីតជានាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាំងពីឆ្នាំ២០១៧ ។ ការលុបឈ្មោះនេះ ដោយសារបុគ្គលឈ្មោះ សន សំនៀង បានប្រព្រឹត្តខុសឆ្គង ជាបន្តបន្ទាប់ ម្តងហើយម្តងទៀតដូចជា៖ បង្កគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យមនុស្សស្លាប់នៅនឹងកន្លែង, បាញ់បោះសេរីនិងបានប្រើហិង្សា លើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់។
ក្នុងសេចក្តីប្រកាសព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់យ៉ាងដូច្នេះថា “យើងខ្ញុំសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន បានជ្រាបថា ការនិយាយរបស់ឈ្មោះ សន សំនៀង នេះពុំមានការពិតទេ។ ចំពោះបុគ្គល និងអ្នកសារព័ត៌មាន ដែលបានយកពាក្យសម្តី ឬវីដេអូរបស់ឈ្មោះ សន សំនៀង ទៅផ្សព្វផ្សាយតាមប្រព័ន្ធផ្សេងៗ ឬតាមបណ្តាញសង្គម សុំជួយកែតម្រូវឡើងវិញ ស្របតាមច្បាប់ជាធរមាន។ យើងខ្ញុំទុកឱកាសឲ្យបុគ្គលឈ្មោះ សន សំនៀង ដើម្បីបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ប្រសិនបើបុគ្គលនេះនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ យើងខ្ញុំនឹងចាត់ការតាមផ្លូវច្បាប់”៕