ពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសកម្ពុជា និងតួកគី ដោយផ្តោតលើឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មមានអង្គការចាត់តាំង
ភ្នំពេញ៖ ពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសកម្ពុជា និងតួកគី ដោយផ្តោតលើឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ជាពិសេសការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធខុសច្បាប់ បទល្មើសបច្ចេកវិទ្យា បទល្មើសសម្អាតប្រាក់ ការរត់ពន្ធទំនិញខុសច្បាប់ ការរត់ពន្ធទេសន្តប្រវេសន៍ ទេសន្តប្រវេសន៍ខុសច្បាប់ ព្រមទាំងការផ្លាស់ប្តូរទស្សនកិច្ចដកពិសោធន៍ការងារ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីលើកកម្ពស់សមត្ថភាព នៅក្នុងជួរកងកម្លាំងអនុវត្តន៍ច្បាប់របស់កម្ពុជា។
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា មាតុភូមិនិវត្តន៍ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញហើយ បន្ទាប់ពីសម្ដេចបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគី ប្រកបដោយជោគជ័យ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ។
បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាធារណរដ្ឋតួកគី បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅមកពាក់ព័ន្ធនឹងបម្រែបម្រួលជាសកលក្នុងបរិបទនៃវិស័យសន្តិសុខអន្តរជាតិ ជាពិសេសបានផ្តោតការយកចិត្តទុកដាក់លើសណ្ឋាន និងទម្រង់ថ្មីៗនៃបទល្មើសដែលអាចបង្កផលប៉ះពាល់ និងហានិភ័យដល់សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ។
បន្ទាប់ពីកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងជិតស្និទ្ធប្រកបដោយលទ្ធផលជាផ្លែផ្កា ភាគីទាំងពីរបានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី” ដែលកិច្ចព្រមព្រៀងនេះ ដើរតួនាទីជាមូលដ្ឋានយ៉ាងសំខាន់ក្នុងការបង្កើតនូវក្របខ័ណ្ឌរួម សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ ដោយផ្តោតលើឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ជាពិសេសការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធខុសច្បាប់ បទល្មើសបច្ចេកវិទ្យា បទល្មើសសម្អាតប្រាក់ ការរត់ពន្ធទំនិញខុសច្បាប់ ការរត់ពន្ធទេសន្តប្រវេសន៍ ទេសន្តប្រវេសន៍ខុសច្បាប់ ព្រមទាំងការផ្លាស់ប្តូរទស្សនកិច្ចដកពិសោធន៍ការងារ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីលើកកម្ពស់សមត្ថភាព នៅក្នុងជួរកងកម្លាំងអនុវត្តន៍ច្បាប់របស់កម្ពុជា។
ក្រៅពីចំណុចពិភាក្សា និងកិច្ចការសំខាន់ៗ ដែលស្ថិតក្នុងវិសាលភាព នៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ភាគីទាំងពីរក៏បានឯកភាពកំណត់យកកិច្ចសហប្រតិបត្តិការលើការងារចំនួន ៤ បន្ថែមទៀត រួមមាន៖
១. ការផ្លាស់ប្តូរបទពិសោធន៍លើការងារគ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍នៅតាមទីប្រជុំជន។
២. ការផ្លាស់ប្តូរបទពិសោធន៍លើការពង្រឹង និងពង្រីកភាពជាដៃគូរវាងរដ្ឋាភិបាល ជាមួយសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ ។
៣. កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលព្រំដែនទឹក។
៤. ការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ លើការងារដឹកនាំ និងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីតួកគី សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់អង្គភាពមួយចំនួនចំណុះក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋតួកគី រួមមាន នាយកដ្ឋានប្រឆាំងការរត់ពន្ធនិងឧក្រិដ្ឋកម្មមានអង្គការចាត់តាំង មជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាពត្រួតពិនិត្យបទល្មើស នាយកដ្ឋានគាំទ្រនិងផែនការចរាចរណ៍ និងអង្គភាពកម្លាំងប្រតិបត្តិការពិសេស។
ជាទីបញ្ចប់ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញ លោក ស៊ូឡឺម៉ាន សុយលូរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋតួកគី ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមពេលវេលាសមស្រប ហើយ លោក បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ ៕