លទ្ធផលនៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥២
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន នៅរាជធានីភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២
ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស និង កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មាអាវុធនុយក្លេអ៊ែរ
ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ ទីក្រុងបាងកក។
លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥២ និងកិច្ចប្រជុំពីរផ្សេងទៀត គឺ ជំនួប
រវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស និងកិច្ចប្រជុំ
គណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ពីថ្ងៃទី ៣០ ដល់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥២
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥២ រដ្ឋមន្ត្រីបានពិភាក្សាគ្នាលើប្រធានបទ
សំខាន់ចំនួន២ ៖ ១)ការកសាងសហគមន៍អាស៊ាន ដែលផ្តោតជាសំខាន់ទៅលើការអនុវត្តយ៉ាងពេញ
លេញ និងប្រកបដោយប្រសិទ្ធភាពនៃផែនការមេ ទាំង ៣ នៃសហគមន៍អាស៊ាន រួមមាន សហគមន៍
នយោបាយ
-សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន និង
២) ទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ជាពិសេសស្តីពីនិម្មាបនកម្មតំបន់ ដៃគូសន្ទនាអាស៊ាន ភាពជាដៃគូ
សន្ទនាអាស៊ានតាមវិស័យ ដៃគូអភិវឌ្ឍន៍អាស៊ាន និងអង្គការតំបន់ និងអន្តរជាតិ។ រដ្ឋមន្ត្រី ក៏បានផ្លាស់ប្តូរ
ទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។
រដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីភាពចាំបាច់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងជំរុញ
ភាពជាដៃគូ ដើម្បីធានានូវនិរន្តរភាពលើគ្រប់វិស័យរបស់អាស៊ាន ដើម្បីធានាសន្តិភាព សន្តិសុខ ស្ថិរភាព និង
វិបុលភាព ស្របពេលជាមួយពិភពលោកកំពុងជួបប្រទះការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មាន។
ថ្លែងក្នុងបទអន្តរាគមន៍ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា អាស៊ាន គួរ
តែរិះរកវិធីដើម្បីប្រមូលធនធានបន្ថែមទៀតពីដៃគូក្រៅតំបន់ផ្សេងទៀតដែលមានចំណាប់អារម្មណ៍ ដើម្បី
យកមកអនុវត្តគម្រោងនានា ក្រោមផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥។ ចំពោះផែនភាសូកម្មភាព
IAIលើកទី៣ (២០១៦
-២០២០)
លោក ប្រាក់ សុខុន បានកត់សម្គាល់អំពីប្រសិទ្ធ និងផលប៉ះ
ពាល់ជាវិជ្ជមាន ក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងចំណោមបណ្តាប្រទេស
ជាសមាជិកអាស៊ានក៏បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការរៀបចំផែនការសកម្មភាព IAI លើកទី៤ ប្រកបដោយគុណភាពខ្ពស់ ដែលអាចនឹងបន្តធ្វើឲ្យស៊ីជម្រៅ និងធំទូលាយដល់សមាហរណកម្មអាស៊ាន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានប្រកាសផងដែរថា នៅឆ្នាំនេះ មជ្ឈមណ្ឌលតំបន់
អាស៊ាន សម្រាប់សកម្មភាពមីន (ARMAC) គ្រោងនឹងអនុវត្តសកម្មភាពសំខាន់ៗចំនួន៥ ជាមួយភាគី
ពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលផ្តោតសំខាន់លើការលើកកម្ពស់ការ
យល់ដឹងក្នុងចំណោម យុវជន និង សាធារណជន អំពីគ្រោះថ្នាក់នៃយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ(ERW)នៅ
ក្នុងតំបន់ និងជំនួយសម្រាប់ជនរងគ្រោះ ។ លោកក៏បានស្នើសុំការគាំទ្រថវិកាសម្រាប់ការអនុវត្តន៍កម្មវិធី
សកម្មភាព និងសម្រាប់ប្រតិបត្តិការរបស់លេខាធិការដ្ឋាន ARMAC ជាពិសេសចាប់ពីឆ្នាំ២០២០តទៅ។
កិច្ចប្រជុំនេះ បានអនុម័តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥២។
គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR)
កិច្ចប្រជុំបានកត់សម្គាល់លើរបាយការណ៍ប្រចាំឆ្នាំរបស់ AICHR ឆ្នាំ២០១៩ ដែលចែងអំពីទិដ្ឋភាព
ទូទៅរបស់ AICHR ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ព្រមទាំងទិសដៅអនាគតរបស់ AICHR។ កិច្ចប្រជុំ
ក៏បានអនុម័តថវិកា២០២០ និងកម្មវិធី/សកម្មភាពជាអាទិភាពរបស់ AICHR ២០២០ ផងដែរ ។
កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)
កិច្ចប្រជុំបានពិនិត្យមើលឡើងវិញ ពីវឌ្ឍនភាពក្នុងការអនុវត្តផែនការសកម្មភាពនៃសន្ធិសញ្ញា
SEANWFZឆ្នាំ២០២០ និងបានពិភាក្សាអំពីផ្លូវឆ្ពោះទៅមុខសម្រាប់ការចុះហត្ថលេខាលើពិធីសារនៃ
សន្ធិសញ្ញា SEANWFZ ។
នៅក្នុងបទអន្តរាគមន៍ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការថែរក្សាតំបន់
អាស៊ាន ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកនានា គឺជារឿងចាំបាច់បំផុត។ លោក
ក៏បានលើកឡើងដែរថា អាស៊ានគួរប្រកាន់ខ្ជាប់នូវការអនុវត្តផែនការសកម្មភាពនៃសន្ធិសញ្ញា SEANWFZ
(២០១៨-២០២០) និងគួររិះរករបៀបថ្មីក្នុងការរកចំណុចរួមមួយពាក់ព័ន្ធនឹងការមិនរីកសាយភាយ ការកាត់
បន្ថយអាវុធ និងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរប្រកបដោយសន្តិសុខ។ លោកក៏បានស្វាគមន៍ចំពោះ
ទំនាក់ទំនងរវាងអាស៊ាន និងភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ពីព្រោះទំនាក់ទំនងនេះ អនុញ្ញាត
ឲ្យអាស៊ានអាចទាញយកយ៉ាងពេញលេញនូវជំនាញនានាពី IAEA ព្រមទាំងជំនួយបច្ចេកទេសផ្សេងៗ។
លើសពីនេះទៀត លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន
ផ្សេងទៀត បានចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហ
ប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយសាធារណរដ្ឋប៉េរូ។ លោកក៏បានចូលរួមពិធី
សម្ពោធដាក់ឲ្យដំណើរការកម្មវិធីអាហារូបករណ៍សម្រាប់ថ្នាក់ដឹកនាំវ័យក្មេងអាស៊ាន-ចិន និងគំនិតផ្តួចផ្តើម
អាស៊ាន
-អូស្ត្រាលី ប្រយុទ្ធប្រឆាំងនឹងការជួញដូរ។
កិច្ចប្រជុំទ្វេភាគី
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥២ នៅរសៀលថ្ងៃទី៣០
ខែកក្កដា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបជាមួយ លោក វ៉ាង យី ទីប្រឹក្សា
រដ្ឋ និងជារដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាមានិតចិន។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាប្រកបដោយផ្លែផ្កាលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ
ការអភិវឌ្ឍ និងទេសចរណ៍ និងបញ្ហាផ្សេងៗទៀតក្នុងក្របខ័ណ្ឌអាស៊ាន។
នៅរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួប
ជាមួយលោកស្រីម៉ីណេ ម៉ារី អេរិកសិន រដ្ឋមន្ត្រីការបរទេសន័រវែស។ លោកប្រាក់ សុខុន បានថ្លែង
អំណរគុណដល់ប្រទេសន័រវែសដែលបានផ្តល់ជំនួយសប្បុរសធម៌ដល់កម្ពុជា ជាពិសេសក្នុងវិស័យដោះមីន
អប់រំ សុខាភិបាល ការអភិវឌ្ឍជនបទ អភិបាលកិច្ចល្អ និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ រដ្ឋមន្ត្រី
ការបរទេសទាំងពីរ រីករាយនៅក្នុងភាពជាដៃគូទ្វេភាគី ជាពិសេស តាមរយៈកិច្ចសហប្រតិបត្តិការ
នយោបាយ សេដ្ឋកិច្ច និងការផ្លាស់ប្តូរប្រជាជន។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានជជែកគ្នាផងដែរអំពី
“សន្ធិសញ្ញាហាមឃាត់គ្រាប់មីន” និង “សន្និសីទស្តីពី មហាសមុទ្ររបស់យើង – ដែលគ្រោងនឹងរៀបចំ
ឡើងនៅចុងឆ្នាំ២០១៩ នៅទីក្រុងអូស្លូ ប្រទេសន័រវែស។
នៅល្ងាចថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មានជំនួប
ជាមួយ លោក វីនស្តន ភីទ័រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនូវែលហ្សេឡង់
ផងដែរ។ កិច្ចពិភាក្សា បានផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងការសម្របសម្រួល
សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយនូវែលហ្សេឡង់ ដែលប្រទេសទាំងពីរជាសហប្រធាន។
ឆ្លៀតក្នុងឱកាសនោះ លោកប្រាក់ សុខុន បានអរគុណដល់នូវែលហ្សេឡង់ ដែលបានផ្តល់ជំនួយដល់កម្ពុជា
នៅក្នុងវិស័យកសិកម្ម ការអភិវឌ្ឍធនធានមនុស្ស និងសាលាក្តីខ្មែរក្រហម៕