ឃុំខ្លួន អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ម្នាក់ ដែលប្រមាថថ្នាក់ដឹកនាំ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន អតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ដែលបានប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាបណ្តោះអាសន្នហើយ។
លោកព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក រៀល សុភិន ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ ម៉ៃ ហុងស្រៀន ភេទប្រុស ជាអតីតសកម្មជន គណបក្សសង្គ្រោះជាតិ ពីបទ ញុះញង់ឲ្យនានការរើសអើង និងបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ យោងតាម
មាត្រា៤៩៦ និងមាត្រា ៤៩៥ នៃក្រមពហ្មទណ្ឌ។
សូមបញ្ជាក់ថា ជនត្រូវចោទខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ២០០៤ ក្នុងរាជធានីភ្នំពេញ។
ជនសង្ស័យរូននេះ បានបង្ហោះសារលើបណ្តាញសង្គម Facebook វាយប្រហារ និងប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពីប្រទេសថៃ។ ជនសង្ស័យ បានវិលចូលមកក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងជួបជុំជាមួយក្រុមអតីតសកម្មជន គណបក្សសង្គ្រោះជាតិ ដើម្បីរៀបចំផែនការបង្កភាពចលាចលដល់សង្គម និងរៀបគម្រោងផ្សព្វផ្សាយព័ត៌មានឲ្យអតីតសកម្មជន គណបក្សសង្គ្រោះជាតិ រងចាំទទួលទណ្ឌិត សម រង្ស៊ី វិញចូលប្រទេសកម្ពុជាក្នុងខែសីហានេះ៕