ឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភសេពសន្ថវៈលើកូនចុង រហូតដល់ជនរងគ្រោះមានផ្ទៃពោះចំនួន០៧ខែ
ភ្នំពេញ ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានស្រាវជ្រាវចាប់ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកូនចុងជាបន្តបន្ទាប់រហូតមានផ្ទៃពោះ៧ខែ នៅចំណុចផ្ទះជួលផ្លូវលំ ក្រុមទី៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ខេង ហាន អាយុ៤២ ឆ្នាំ មុខរបរបុគ្គលិកស៊ិនទ្រី មានទីលំនៅកន្លែងកើតហេតុ(ត្រូវជាឪពុកចុងជនរងគ្រោះ) ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃមិនចាំ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោង២៣ម៉ោង៣០នាទី នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ជនរងគ្រោះ ឈ្មោះ ខ.សភ អាយុ១៦ឆ្នាំ កំពុងដេកនៅក្នុងផ្ទះ(ចំណុចកើតហេតុ)ជាមួយប្អូនតូចៗចំនួន២នាក់ និងរួមនឹងជនសង្ស័យផងដែរ ដោយម្តាយរបស់ជនរងគ្រោះមិននៅផ្ទះ ។ ពេលនោះជនសង្ស័យបានចាប់ជនរងគ្រោះគំរាមមិនឲ្យស្រែក និងធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេចចំនួន០៣លើក និងរំលោភជាបន្តបន្ទាប់ទៀត រហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យឈប់ចាប់ជនរងគ្រោះរំលោភសេពសន្ថវៈ ដោយសារជនរងគ្រោះមានផ្ទៃពោះចំនួន០៧ខែ ។
ប្រភពដដែលបន្តថា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ម្តាយ និងជីតាជនរងគ្រោះសួរជនរងគ្រោះដឹងរឿងជនសង្ស័យចាប់រំលោភ ទើបនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង រហូតឈានដល់ចាប់ខ្លួនជនបង្កជាឪពុកចុងយកទៅអនុវត្តតាមនីតិវិធី ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕