ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីពុលស្រាស ដែលផលិតមិនត្រឹមត្រូវ នៅស្រុកស្នួល ដោយមានសារធាតុមេតាណុលខ្ពស់ ​ស្លាប់៣នាក់ របួសជាង៦០នាក់

129

 


ក្រចេះ៖ ករណី​ពុលសារធាតុមេតាណុលនៅក្នុងស្រាស នៅភូមិស្នួលវត្តកើត និងភូមិស្នួលវត្តលិច ឃុំស្នួល ស្រុកស្នូល ខេត្តក្រចេះ មានអ្នកស្លាប់ចំនួន៣នាក់ (ស្រី២នាក់) និងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៦២នាក់ (ស្រីចំនួន១៩នាក់)។ អ្នកជំងឺចូលសម្រាកពេទ្យទាំងអស់ មានរោគសញ្ញាដូចជា អស់កម្លាំង ណែនទ្រូង ឈឺក្បាល ព្រិលភ្នែក បាត់បង់ស្មារតី វិលមុខ ឈឺពោះ រាករូស ក្អូតចង្អោរ ។ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យស្នូល និងនៅមន្ទីរពេទ្យខេត្តក្រចេះ កំពុងយកចិត្តទុកដាក់ តាមដាននិងព្យាបាលអ្នកសម្រាកពេទ្យទាំងអស់ ហើយរហូតមកដល់ម៉ោង៣រសៀលថ្ងៃទី១៥ខែកក្កដានេះ មិនមានករណីថ្មីដែលពុលស្រាសចូលមកសម្រាកពេទ្យនោះទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារថ្នាក់ជាតិនិងថ្នាក់ខេត្តក្រចេះ​ ចុះស្រាវជ្រាវករណីពុលស្រាសនៅស្រុកស្នួលខេត្តក្រចេះ​ ចេញផ្សាយនៅថ្ងៃអាទិត្យ​ ទី១៥​ ខែកក្កដា​ ឆ្នាំ២០១៨នេះ បានបញ្ជាក់់ថា ផ្អែកតាមការអង្កេតរបស់ក្រុមការងារ​ ឆ្លើយតបបន្ទាប់របស់មន្ទីរសុខាភិបាលខេត្ត ពុំបានរកឃើញភ័ស្ដុតាងដែលគួរឲ្យសង្ស័យថាអ្នកឈឺ និងអ្នកស្លាប់មានការចម្លងជំងីពីសត្វមកមនុស្ស ឬជំងឺផ្សេងៗ ការពុលចំណីអាហារ ឬការពុលសារធាតុគីមីផ្សេងៗទេ។ ជាការសន្និដ្ឋាន ផ្អែកលើរោគសញ្ញា និងទិន្នន័យអង្កេតអ្នកស្លាប់ និងអ្នកជំងឺអាចបណ្ដាលមកពីការពុលសារធាតុមេតាណុលក្នុងស្រាស។

បើតាមរដ្ឋបាលខេត្តក្រចេះ អ្នកស្លាប់ និងឈឺចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្នួល មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យកាល់ម៉ែត ដោយសារពួកគាត់មានអាការ ថប់ដង្ហើម វិលមុខ ស្រវាំងភ្នែក និងអស់កម្លាំង។

សូមរំលឹកថា ហេតុការណ៍ពុលស្រាសមានសារធាតុមេតាណុលនេះ កើតឡើងនៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ក្រោយកើតហេតុភ្លាម ក្រុមការងារជំនាញ នៃក្រសួងសុខាភិបាល បានចុះទៅធ្វើការស៊ើបអង្កេត និងស្រាវជ្រាវនៅកន្លែងកើតហេតុផងដែរ។

បើតាមក្រសួងសុខាភិបាល បានស្នើសូមប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា បញ្ឈប់ការពិសាស្រាស​ ដែលផលិតមិនត្រឹមត្រូវ តាមបច្ចេកទេស​ជាបន្ទាន់​ ដើម្បីសុខភាពរបស់លោកអ្នក។ សូមថ្លែងនូវការកោតសរសើរ ដល់ក្រុមគ្រូពេទ្យបង្អែកស្នួល និងមន្ទីរពេទ្យខេត្តក្រចេះ​ ព្រមទាំងលោកប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ​ ដែលបានជួយអន្តរាគមន៍ បានរហ័សជួយដល់ប្រជាពលរដ្ឋ លើករណីពុលស្រាសខាងលើនេះ។

បន្ទាប់ពីបង្កើតគណៈកម្មការ ត្រួតពិនិត្យ ស៊ើបអង្កេត អំពីករណីពុលស្រាស នៅខេត្តក្រចេះហើយនោះ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រសួងសុខាភិបាល បានចេញប្រកាសមួយទៀត ដើម្បីបង្ហាញអំពីលទ្ធផលស៊ើបអង្កេតរបស់ខ្លួន។

តាមសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាល ករណីពុលស្រាស នៅស្រុកស្នួលខេត្តក្រចេះ ដែលបណ្តាលឱ្យមានអ្នកស្លាប់៣នាក់ និងរបួសជាច្រើននាក់នោះ គឺកើតឡើងដោយសារតែការផលិតស្រាសមិនត្រឹមត្រូវ តាមបច្ចេកទេស បណ្តាលឱ្យមានសារធាតុមេតាណុលខ្ពស់។

ក្រសួងសុខាភិបាល បានបន្ថែមថា យោងតាមការអង្កេតផ្នែកអេពីដេមីសាស្រ្ត ការអង្កេតផ្នែកចំណីអាហារ និងបរិស្ថាន ពុំបានរកឃើញនូវហេតុការណ៍ផ្សេងទៀត ពីការពុលស្រាសដែលបណ្តាលឲ្យមានអ្នកឈឺ និងស្លាប់ ឬក៏ហេតុការណ៍ដែលបង្ហាញពីការសង្ស័យមានការចម្លងជំងឺពីសត្វមកមនុស្ស ឬជំងឺឆ្លងផ្សេងៗ ឬការពុលសារធាតុគីមីផ្សេងៗ ក្រៅពីការពុលស្រាស ដោយសារធាតុមេតាណុលនោះទេ។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសន្និដ្ឋានថា “ផ្នែកលើប្រវត្តិនៃការពិសាស្រាសដែលផលិតមិនត្រឹមត្រូវ រោគសញ្ញា និងទិន្នន័យដេលទទួលបានពីការអង្កេត ក្រុមការងារសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត ចុះស្រាវជ្រាវករណីពុលស្រាសនៅស្រុកស្នូល ខេត្តក្រចេះ គឺបណ្តាលមកពី ពុលស្រាស ដែលមានសារធាតុមេតាណុល”៕
ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ក្រសួងសុខាភិបាល៖

អត្ថបទដែលជាប់ទាក់ទង