ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បច្ចេកទេសការជួសជុលផ្លូវថ្នល់ដោយប្រើវិធីសាស្ត្រ Cold in Place Recycling

69

ថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសបើកសិក្ខាសាលាស្ដីពី បច្ចេកទេសការជួសជុលផ្លូវថ្នល់ ប្រើវិធីសាស្ត្រ Cold in Place Recycling ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

សិក្ខាសាលានេះ មានគោលបំណងបណ្ដុះបណ្ដាល ក៏ដូចជាបំពាក់បំប៉ននូវចំណេះដឹងថ្មី ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ បន្ថែមលើចំណេះដឹងដែលមានស្រាប់ជូនដល់មន្ត្រីពាក់ព័ន្ធនៃក្រសួងសំដៅពង្រីក និងពង្រឹងសមត្ថភាពមន្ត្រីក្នុងការសាងសង់ និងជួសជុលថែទាំផ្លូវថ្នល់តាមវិធីសាស្រ្តថ្មី ស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យាក្នុងការសាងសង់ផ្លូវឱ្យបានមាំ និងជាប់បានយូរ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានោះ លោកទេសរដ្ឋមន្ត្រីបានបង្ហាញថា ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ គឺជាអាទិភាពទី១ ក្នុងវិស័យអាទិភាពទាំងបួននៃគោលនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ព្រោះថាមន្ត្រីមានសមត្ថភាពគ្រប់គ្រាន់ ស្ថាប័ននោះនឹងមានការរីកចម្រើន ហើយប្រទេសជាតិក៏មានការរីកចម្រើនតាមនោះដែរ ជាពិសេស សមត្ថភាព និងទេពកោសល្យ លើការសាងសង់ និងជួសជុលថែទាំផ្លូវថ្នល់ឱ្យមានគុណភាព មាំ និងជាប់បានយូរអង្វែង។

លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងមានគោលការណ៍ច្បាស់លាស់ក្នុងការសាងសង់ និងជួសជុលថែទាំផ្លូវថ្នល់ ពោលគឺទទួលយកតែផ្លូវណាដែលត្រូវបានសាងសង់ និងជួសជុល មានគុណភាព និងជាប់បានយូរប៉ុណ្ណោះ។

ក្រសួងនឹងរិះរកគ្រប់មធ្យោបាយ និងនីតិវិធីដើម្បីលើកកម្ពស់គុណភាពនៃការសាងសង់ និងជួសជុលផ្លូវ តាមរយៈការបណ្ដុះបណ្ដាល និងទស្សនកិច្ចសិក្សានៅតាមបណ្ដាប្រទេសជឿនលឿនមួយចំនួនលើសកលោក។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការត្រងត្រាប់ស្តាប់ការធ្វើបទបង្ហាញរបស់វាគ្មិន និងចូលរួមជាមតិយោបល់ ក៏ដូចជាលើកជាសំណួរសួរដេញដោលឱ្យបានផុលផុស សំដៅក្រេបយកចំណេះដឹងថ្មីឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ព្រោះថាចំណេះដឹងទាំងនេះនឹងបម្រើដល់ការសាងសង់ និងជួសជុលផ្លូវថ្នល់យើងឱ្យបានមាំ និងប្រើប្រាស់បានយូរអង្វែង។ ធ្វើផ្លូវបានមាំ និងជាប់បានយូរអង្វែង គឺជាការសន្សំសំចៃការចំណាយថវិកាជាតិបានយ៉ាងច្រើនបំផុត៕

អត្ថបទដែលជាប់ទាក់ទង