ប្រកាសអនុវត្តអភិក្រមទី៥ ចំពោះមន្ត្រីប្រព្រឹត្តិអំពើពុករលួយ កឹបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញព្រៃឈើ រំលោភយកដីរដ្ឋធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសយ៉ាងម៉ឺងម៉ាត់ថា នឹងអនុវត្តអភិក្រមទី៥ វះកាត់ចំ ព្រមានដកហូតបុណ្យសក្ដិ ព្រមទាំងបង្កកទ្រព្យសម្បត្តិ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់ អាវុធទាំងឡាយណា ដែលបានប្រើតួនាទីប្រព្រឹត្តអំពើពុករលួយ កឹបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញព្រៃឈើ រំលោភយកដីរដ្ឋធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈរដ្ឋមន្ត្រី ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២ សីហា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញជំហរម៉ឺងម៉ាត់ ក្នុងការអនុវត្តអភិក្រមទី៥ វះកាត់” ដោយបានធ្វើការព្រមានដកហូតបុណ្យសក្តិ ព្រមទាំងបង្កកទ្រព្យសម្បត្តិ ចំពោះមន្ត្រីរាជការនិងកងកម្លាំងប្រដាប់
អាវុធទាំងឡាយណា ដែលបានប្រើតួនាទីប្រព្រឹត្តអំពើពុករលួយ កឹបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញព្រៃឈើ
រំលោភយកដីរដ្ឋធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានថែមទៀត។
អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តបញ្ជូន “កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រ
កម្ពុជា និងអង្គការហាមឃាត់អាវុធគីមី (OPCW) ស្តីពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិរបស់អង្គការ OPCW ទៅសុំ
ការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការកែច្នៃសំរាមក្នុងស្រុក ដើម្បីផលិតជាថាមពលអគ្គិសនីបន្ថែមទៀត ក្នុងការចូលរួមការពារបរិស្ថាន និងដោះស្រាយបញ្ហាសំរាមក៏ដូចជា ទីលានចាក់សំរាម ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជាមិនអនុញ្ញាតដាច់ខាតឱ្យមានការនាំចូលសំរាមពីបរទេស ដើម្បីកែច្នៃ ឬក៏ផលិតជាថាមពលអគ្គិសនីនោះទេ ។ ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវរួមគ្នាបន្តយកចិត្តទុកដាក់ខ្ពស់ លើការដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ ជាពិសេសចំពោះទីកន្លែងមួយចំនួនដែលនៅកំពុងបន្តជួបប្រទះគ្រោះរាំងស្ងួតនៅឡើយ និងត្រូវត្រៀមផ្ដល់ស្រូវពូជជូនប្រជាពលរដ្ឋដែលរងការខូចខាត និងមានការខ្វះខាត ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់ក្រសួងស្ថាប័ន និងរដ្ឋបាលដែនដីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋផ្ទាល់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការកើនឡើងនៃកម្ពស់ទឹកតាមដងទន្លេ នៅរដូវវស្សានេះ ដែលអាចបង្កជាគ្រោះទឹកជំនន់ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តាំសួរសុខទុក្ខដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ជាពិសេស
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន តាមបណ្តាកោះក្នុង
ដែនសមុទ្រកម្ពុជា និងប្រចាំការនៅតាមគ្រប់ទីកន្លែង ដែលតែងតែខិតខំថែរក្សាការពារសន្តិភាពនិងបូរណភាព
ទឹកដីជាតិមាតុភូមិដោយឥតងាករេ៕ ដោយ៖កូឡាប