គោលនយោបាយជាតិស្តីពីភាសាខ្មែរ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ឧត្តមភាពភាសាជាតិនិងជំរុញឱ្យមានការឯកភាពគ្នាក្នុងការប្រើភាសាជាតិ
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃសុក្រ ទី២ ខែសីហា
ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីព្រឹក នៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំ
ពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីភាសាខ្មែរ។
បន្ទាប់ពីបានរំដោះប្រទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩
រដ្ឋាភិបាលនិងប្រជាជនកម្ពុជា បានខិតខំស្តារនិងកសាងប្រទេសឡើងវិញពីបាតដៃទទេឱ្យមានការរីកចម្រើន
លើគ្រប់វិស័យ ក្នុងនោះរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ផងដែរក្នុងការលើកកម្ពស់ការប្រើប្រាស់ភាសា
និងអក្សរខ្មែរដែលជាអត្តសញ្ញាណជាតិប្រកបដោយនិរន្តរភាព។
គោលនយោបាយភាសា ត្រូវបានធ្វើស្ថាប័ននីយកម្មក្នុងបរិបទប្រទេសជាច្រើនក្នុងពិភពលោកក៏ដូចជា
ក្នុងតំបន់ប្រមាណជិតបួនទសវត្សរ៍មកហើយ ហើយការរៀបចំគោលនយោបាយភាសានីមួយៗនោះធ្វើឱ្យ
មានការផ្លាស់ប្តូរជាវិជ្ជមានក្នុងការប្រើភាសារបស់ខ្លួនសម្រាប់ជាមូលដ្ឋានគ្រឹះនៃសុខដុមនីយកម្មសង្គម។
ភាសាខ្មែរនិងអក្សរខ្មែរបានវិវត្តក្នុងប្រវត្តិដ៏យូរលង់របស់ខ្លួន និងមានការវិវត្តធំៗជាច្រើនលើករហូត
ដល់បច្ចុប្បន្ន។ ទន្ទឹមនឹងការវិវត្តនៃសង្គមក្នុងរយៈពេលកន្លងមក ការប្រើភាសាខ្មែរនាពេលបច្ចុប្បន្ននៅមិនទាន់
មានការឯកភាពគ្នាទាំងស្រុងនៅឡើយលើការសរសេរ ការអាន ការកំណត់និយមន័យ ការបង្កើតពាក្យ
ការខ្ចីពាក្យ និងក្បួនវេយ្យាករណ៍ខ្មែរជាដើម ដែលជាហេតុនាំឱ្យចោទជាបញ្ហាក្នុងការប្រើភាសាខ្មែរនៅតាម
ប្រព័ន្ធផ្សព្វផ្សាយ និងការខ្វះពាក្យប្រើប្រាស់តាមតម្រូវការក្នុងសង្គមផងដែរ។
សេចក្តីព្រាងគោលនយោបាយជាតិស្តីពីភាសាខ្មែរ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់
ឧត្តមភាពភាសាជាតិនិងជំរុញឱ្យមានការឯកភាពគ្នាក្នុងការប្រើភាសាជាតិ ដើម្បីធានាបាននូវការអភិរក្ស
និងអភិវឌ្ឍភាសាខ្មែរប្រកបដោយភាពសុខដុម តាមរយៈការដាក់ចេញនូវគោលដៅធំៗចំនួន៦ រួមមាន៖
ទី១.បង្កើតយន្តការនិងកំណត់គោលការណ៍ក្នុងការអភិរក្សនិងអភិវឌ្ឍភាសាខ្មែរ ទី២.បង្កើនការប្រើភាសាខ្មែរ
ជាភាសាយានដើម្បីទទួលយកចំណេះដឹងនិងជំនាញផ្សេងៗឱ្យបានទូលំទូលាយ ទី៣,ជំរុញនិងលើកកម្ពស់
ការប្រើពាក្យនិងបច្ចេកសព្ទជាភាសាខ្មែរ និងជំរុញការប្រើពាក្យនិងបច្ចេកសព្ទកម្ចីឱ្យស្របតាមគោលការណ៍
ភាសាជាតិ ទី៤.ជំរុញនិងលើកកម្ពស់ការប្រើភាសាខ្មែរឱ្យបានទូលំទូលាយនិងត្រឹមត្រូវ ទី ៥.កំណត់និង
ត្រពិនិត្យឱ្យមានឯកភាពក្នុងការប្រើភាសាខ្មែរ និង ទី៦.ជំរុញនិងលើកកម្ពស់ការស្រាវជ្រាវ ការប្រមូល
ការចងក្រង ការថែរក្សា និងការផ្សព្វផ្សាយឯកសារទាក់ទងនឹងភាសាខ្មែរ៕ ដោយ៖កូឡាប